អង្ករកម្ពុជាឈ្នះផ្ទួនៗគ្នាមួយពូជសែនក្រអូប០១ឈ្នះនៅប្រទេសចិន និងមួយទៀតពូជផ្ការំដួលឈ្នះអង្ករប្រណិតដាច់គេលើ លោកនៅ ហ្វីលីពីន
(ភ្នំពេញ)៖អង្ករក្រអូបកម្ពុជា«ពូជសែនក្រអូប០១»បានឈ្នះពានរង្វាន់មាសប្រចាំឆ្នាំ២០២៤ពីប្រទេសចិន បន្ទាប់ពីអង្ករក្រអូបប្រណិតកម្ពុជា«ពូជផ្ការំដួល» ទើបបានឈ្នះពានរង្វាន់«អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក» នៅប្រទេសហ្វីលីពីន កាលពីថ្ងៃម្សិលមិញរួចមក។ នេះបើតាមការបញ្ជាក់ពីសំណាក់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់។
មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ៖ អង្ករក្រអូប«ពូជសែនក្រអូប០១»ធ្លាប់បានឈ្នះពានរង្វាន់មាសនេះម្តងរួចមកហើយកាលពីឆ្នាំ២០២៣ ពីកម្មវិធី«វាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន» រៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មមួយនៅក្នុងប្រទេសចិន។
ឯកឧត្តមបានថ្លែងឱ្យដឹងដែរថា តាមលទ្ធផលដ៏គួរឱ្យរីករាយផ្ទួនៗគ្នានេះ សង្ឃឹមថា ការទទួលស្គាល់ពីពានរង្វាន់កម្រិតអន្តរជាតិដ៏ល្បីល្បាញទាំងនេះ នឹងបង្កើនកិត្តិស័ព្ទរបស់អង្ករក្រអូបរបស់កម្ពុជាកាន់តែខ្លាំង ជួយពង្រីកទីផ្សារអង្ករក្រអូបរបស់យើងឱ្យកាន់តែទូលំទូលាយ ទទួលបានតម្លៃកាន់តែប្រសើរ ព្រមទាំងលើកទឹកចិត្តឱ្យកសិករខ្មែរងាកមកដាំពូជយុទ្ធសាស្ត្រមួយនេះកាន់តែច្រើន។
ដោយឡែកនៅថ្ងៃទី០៨ ខែ វិច្ឆិកានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ពីអង្ករម៉ាក សមូហភាព “SKO” ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៤ ត្រូវបានជាប់ពានរង្វាន់មាសនៅក្នុង កម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្គរសគ្រាប់វែង ចិន-អាស៊ានលើកទី២ (2nd China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។
គួរបញ្ជាក់ថាកម្មវិធីនេះរៀបចំឡើងដោយ វិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxiនិងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃ តំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន (Guangxi Zhung Autonomous Region Seed Management Station and Rice Research Institute of Guangxi Academy of Agricultural Science) ដែលបានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
អង្ករម៉ាក សមូហភាព “SKO” ដែលមានពូជស្រូវឈ្មោះសែនក្រអូប ត្រូវបានទទួលស្គាល់ជាពូជស្រូវល្អ និង មានរសជាតិឆ្ងាញ់ព្រមទាំងបានជាប់ពានរង្វាន់មាសក្នុងចំណោមពានមាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។
ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់ប្រជាកសិករទាំងអស់ឱ្យខិតខំបន្តនូវការងារដាំដុះដែល ប្រកបដោយគុណភាពនិងមោទកភាពនេះជាបន្តទៀត។ ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្គរ សែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។
សូមបញ្ជាក់ផងដែរថា៖ ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវដែលត្រូវបានដាំដុះដោយប្រជាកសិករ តាំងពីពាក់កណ្តាលទសវត្សរ៍៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្មសហព័ន្ធស្រូវអង្ករកម្ពុជាសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានសម្រាំងឡើងដោយជម្រើសចេញពីពូជស្រូវក្រអូបផ្សេងៗរហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា៖ សែនក្រអូប ០១៕
ដោយ ៖ ម៉ាដេប៉ូ