ក្រុមហ៊ុន សោម៉ា ហ្វាម សម្រេចបានសមិទ្ធិផលថ្មីបន្ថែម២ទៀត

(តាកែវ)៖ លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា ហ្វាម (ខេមបូឌា) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារចិញ្ចឹមមាន់ពងថ្មី និងរោងចង្វាក់ផលិតកម្មវេចខ្ចប់ដូងក្រអូបសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ។ ពិធីនេះបានប្រព្រឹត្តិទៅនៅកសិដ្ឋានរបស់ក្រុមហ៊ុន ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយសដែលជាដៃគូសហការរបស់ក្រុមហ៊ុន សោម៉ា ហ្វាម កាលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

គិតមកដល់ឆ្នាំ២០២៤នេះ សោម៉ា ហ្វាម សម្រេចបានអគារចិញ្ចឹមមាន់ពងសរុប ៥អគារ​គិត​ទាំងអគារថ្មីដែលបានដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ ដែលឱ្យផលសរុប​ជាមធ្យម ១៤ម៉ឺនស៊ុតក្នុងមួយថ្ងៃហើយក្រោយសម្ពោធអគារថ្មីនេះ នឹងផ្ដល់​ផល​រហូតដល់ ១៧ម៉ឺនស៊ុតក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារធំៗក្នុងស្រុកដូចជាផ្សារ​ទំនើបអ៊ីអន ម៉ាក្រូជីបម៉ុង ឡាក់គី ផ្សារកសិផលធម្មជាតិ និងតាមម៉ាតជាច្រើនទៀត​ក្នុងរាជធានីភ្នំពេញ។

លោកជំទាវអគ្គនាយិកាបានលើក​ឡើងពីការប្ដេជ្ញាចិត្ត និងការចូលរួមរបស់​ក្រុមហ៊ុន​សម្ព័ន្ធសោម៉ា ទៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDGs ហើយលោក​ជំទាវ​ក៏បានរំលេចសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនសម្ព័ន្ធសោម៉ា ដែលបាន​រួមចំណែកយ៉ាងច្រើនក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលមានដូចជា ថាមពលស្អាត ទឹកស្អាតនិងអនាម័យ ការពង្រឹងគុណភាពអប់រំ សុខភាពអនាម័យ ការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការផ្ដល់ការងារដល់កម្មករនិយោជិត និង​សកម្មភាពបរិស្ថាន ដោយជាក់ស្ដែងសម្រាប់ក្រុមហ៊ុន សោម៉ា ហ្វាម បានប្រើ​ប្រាស់ក្រដាសជំនួសឱ្យការវេចខ្ចប់ស៊ុតមាន់ដោយប្លាស្ទិក និងមួយវិញទៀត​ក៏បានរួម​ចំណែកយ៉ាងសំខាន់ក្នុងការផលិតនិងផ្ដល់ជូនស៊ុតមាន់ដែលមានគុណភាពខ្ពស់ ផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលធ្វើឱ្យអ្នកទទួលទានទទួលបានអាហារូបត្ថម្ភខ្ពស់ជួយឱ្យសុខុមាលភាពរឹងមាំ ព្រមទាំងរួមចំណែកលើសន្តិសុខស្បៀងសម្រាប់​សង្គម​ជាតិ និងសកលលោក។

លោកជំទាវ ចម ក្រស្នា ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២៥ខាងមុខនេះ សោម៉ា ហ្វាម អាចមានលទ្ធភាពក្នុងការនាំចេញស៊ុតមាន់ទៅកាន់ទីផ្សារអន្តរជាតិ ។ ទន្ទឹមនឹងការផលិតស៊ុតមាន់ដែលមានគុណភាព និងសុវត្ថិភាព កន្លងទៅថ្មីៗនេះ​ក្រុមហ៊ុន សោម៉ា ហ្វាម បានទទួលសិទ្ធិក្នុងការនាំចេញដូងក្រអូបពីកម្ពុជា​ទៅកាន់​ទីផ្សារប្រទេសចិន ក្នុងចំណោមក្រុមហ៊ុន៥ដែលទទួលបានសិទ្ធិនេះ មានតែ សោម៉ា ហ្វាម តែមួយគត់ជាក្រុមហ៊ុនខ្មែរ។

ជាមួយគ្នានេះ លោកជំទាវក៏បានបង្ហាញពីជំហរនិងទិសដៅរបស់ក្រុមហ៊ុន សោម៉ា ហ្វាម ទៅថ្ងៃអនាគតដោយផ្ដោតលើចំណុចសំខាន់ៗមួយចំនួនដូចជា ការធ្វើអោយ​ប្រសើរឡើងនូវស្តង់ដារ និងគុណភាពឱ្យមានការទទួលស្គាល់ជាអន្តរជាតិ បង្កើនការ​ផលិតដើម្បីធានាសន្តិសុខស្បៀង ការធ្វើទំនើបកម្មកសិកម្មតាមបច្ចេកវិទ្យាថ្មីៗ ក្នុង​គោល​ដៅបង្កើនទិន្នផល ចំណេញពេលវាលា ធានាការផ្គត់ផ្គង់ប្រកបដោយចីរភាព ក៏ដូចជាការរួមចំណែកដើម្បីបង្កើតឱកាសនិងទីផ្សារឱ្យកាន់តែទូលាយសម្រាប់វិស័យកសិកម្ម ពិសេសជួយទៅដល់ម្ចាស់កសិដ្ឋានតូចៗ និងប្រជាកសិករក្នុងសហគមន៍ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner