ឯកឧត្តម អ៊ុត ក្លឹង នាំយកបច្ច័យពីអង្គកឋិនទានសាមគ្គីរបស់​ក្រុម​ការងារថ្នាក់ជាតិស្រុកសង្កែ និងស្រុករតនមណ្ឌល ទៅ​ប្រគេន​ដល់វត្តចំនួន១១

បាត់ដំបង៖ឯកឧត្តម អ៊ុត ក្លឹង ប្រធានក្រុមការងារចុះជួយឃុំវត្តតាមឹម តំណាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយ​ស្រុកសង្កែ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការជាអនុប្រធានក្រុមការងារបាននាំ​យកទេយ្យវត្ថុនិងបច្ច័យ​ទៅប្រគេនដល់​ព្រះគ្រូចៅអធិការវត្ត​ទាំង៦​នៅឃុំវត្តតាមឹម ស្រុកសង្កែ និងវត្តចំនួន៥នៃឃុំនានាក្នុង​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​។

ក្នុងឱកាសនោះឯកឧត្តម អ៊ុត ក្លឹង បានទូលប្រគេនព្រះគ្រូចៅ​អធិការ​វត្តនិងជម្រាប​ដល់​គណៈកម្មការ អាចារ្យវត្ត នៅទីនោះថា បច្ច័យ​ដែលនាំយកមកប្រគេន ដល់វត្តថ្ងៃនេះ គឺជាបច្ច័យដែលប្រមូលបាន​ពីការដង្ហែអង្គកឋិនទានសាមគ្គីមួយដែល​បាន​កើត​ឡើង​កាល​ពីថ្ងៃទី២៦ ខែតុលាកន្លងទៅថ្មីៗនេះក្រោមគំនិតផ្តួចផ្តើម​ដោយ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងលោកជំទាវព្រម​ទាំងថ្នាក់​ដឹកនាំមន្ត្រី​​​​រាជការ ក្រោម​ឱវាទក្រសួង ដើម្បីដង្ហែ​យក​មក​ប្រគេន​ដល់ព្រះសង្ឃ​ដែលគង់ចាំព្រះវស្សានៅវត្តរស្មីសង្ហាបញ្ញា​វិសុទ្ធិ ហៅ “វត្តរស្មីសង្ហា” ស្ថិតនៅក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា​ស្រុករតនមណ្ឌល ដើម្បីចូលរួមកសាងដំបូលព្រះវិហារ​វត្ត។

ឯកឧត្តមបានបន្ថែមថា ដើម្បីជួយសម្រាលការលំបាកខ្វះខាតរបស់វត្ត​មួយ​ចំនួននៅក្នុងស្រុកសង្កែ ឯកឧត្តម ប្រធានក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយស្រុកសង្កែនិងស្រុករតនមណ្ឌលក៏បានចាត់ឱ្យតំណាងតាមស្រុកនីមួយៗខាងលើនាំយកបច្ច័យដែលបានធ្វើការបែងប្រគេនដល់វត្តចំនួន១១ក្នុងមួយវត្តចំនួនប្រាំលានរៀលនិងទេយ្យវត្ថុ បន្ទាប់ពីបានទុកមួយ​ផ្នែកធំសម្រាប់កសាងដំបូលព្រះ​វិហារ​វត្តរស្មីសង្ហា ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner