ដើមពោធិព្រឹក្ស ៣ដើម អារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនា ធម្មអង្គុលខេត្តសៀមរាប
(ខេត្តសៀមរាប)៖ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន ៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា ដើមពោធិព្រឹក្សនេះ បានអារាធនា ពីប្រទេសស្រីលង្កា ដែលជាដើមពោធិព្រឹក្សផ្សាំមែកពីដើមកំណើតដែលមានប្រវត្តិជាក់លាក់។ ម្យ៉ាងដោយសារ មណ្ឌលនេះ ជាមណ្ឌលវិបស្សនាមួយដែលមានទីធ្លាធំទូលាយ ស្ងប់ស្ងាត់ ត្រូវការមានដើមឈើជាម្លប់ ទើបធ្វើពិធីដាំនៅទីនេះ ដើម្បីទុកជាកន្លែងសកា្ករបូជា ទៅដល់ប្រជាពុទ្ឋបរិស័ទ ក៏ដូចជាសិស្សដែលអញ្ជើញមកធ្វើវិប្បសនានៅទីនេះ ។
បើតាមគណៈកម្មការនៅមណ្ឌលវិប្បសនានេះបានឱ្យដឹងដែរថា ការដាំឈើនាឱកាសនេះ ក៏ជាការផ្សព្វផ្សាយមួយផង ដែរ ដើម្បីថ្នាក់ដឹកនាំក៏ដូចជាសិស្សថ្មី បានស្គាល់ពីកន្លែងវិប្បសនា ដែលមានទីធ្លាដ៏ធំទូលាយមួយនេះ។ ម្យ៉ាងទៀតឱកាស នេះក៏ជាការផ្សព្វផ្សាយ អំពីបច្ចេកទេសធ្វើវិបស្សនា ទៅដល់សិស្សថ្មី និងសិស្សចាស់បន្ថែមទៀតផងដែរ ដើម្បីឱ្យយល់ដឹងបន្ថែម អំពីវិធីធ្វើសមាធិវិបស្សនា ។
លោកអុំគណៈកម្មការនៅ មណ្ឌលវិប្បសនាឱ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ ខាង ក្រុមគណៈកម្មការ និងសិស្ស ដែលអញ្ជើញមកសមាធិនៅទីនេះ និងបន្តដាំដើម្បីឈើចំនួនជាង៣០០ដើមបន្ថែមទៀត នៅក្នុងបរិវេណមណ្ឌលនេះ ដែលជាប្រភេទឈើប្រណិតៗដើម្បីទុកជាម្លប់ ។
សូមជម្រាបថា កន្លងមក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ធ្លាប់បានអំពាវនាវ ឱ្យប្រជាពលរដ្ឋសូមរួមគ្នាថែរក្សាការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀតឱ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយពោរពេញទៅដោយបរិស្ថានបៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេសសូមបញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្មចម្រុះ តាមធម្មជាតិវិញ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ សង្គមជាតិប្រកបដោយសុខុមាលភាព។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណចំពោះមណ្ឌលវិបស្សនា ដែលបានប្រមូលផ្តុំអ្នកបច្ចេកទេសជំនាញវិបស្សនា និងជ្រើសរើសទីតាំងល្អ សម្រាប់ធ្វើកន្លែងសមាធិវិបស្សនា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរប្រធានមណ្ឌលវិបស្សនា ដែលបានផ្ដួចផ្ដើមកសាងមណ្ឌលដ៏ធំមួយនេះឡើង ធ្វើជាកន្លែងសិក្សាប្រតិបត្តិព្រះធម៌ អប់រំចិត្ត និងបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យបានប្រកបដោយគុណធម៌ ហើយបាននិងកំពុងអភិវឌ្ឍទីនេះ ឱ្យទៅជារមណីដ្ឋានទេសចរណ៍ ព្រះពុទ្ធសាសនា ដែលមានពណ៌បៃតងស្រស់បំព្រងទៀតផង៕
ដោយ ៖ វណ្ណលុក