រដ្ឋបាលរាជធានីភ្នំពេញ តុបតែងលម្អនានានឹងរួចរាល់ទាំងស្រុងនៅថ្ងៃ១២វិច្ឆិកាស្អែកនេះ ដេីម្បីទទួល ប្រជាពលរដ្ឋមកចូលរួម ព្រះរាជពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់ និង ដាក់ពង្រាយ បង្គន់អនាម័យចល័ត ,តុបតែងលម្អនានានឹងរួចរាល់ទាំងស្រុងនៅថ្ងៃ១២វិច្ឆិកាស្អែកនេះដេីម្បី ទទួល បងប្អូនប្រជាពលរដ្ឋមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ។
មន្ត្រីជំនាញថា៖ សម្រាប់មួយផ្នែកនៃអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន សំរុកជីកកប់សាងសង់បង្គន់អនាម័យ បន្ទប់ទឹក និង ពង្រាយ បង្គន់អនាម័យ ចល័ត ព្រមទាំង ធ្វើ ការ ជួសជុល តុបតែង កែលម្អ នៅតំបន់ ប្រារព្ធ ព្រះរាជ ពិធីបុណ្យអុំទូក ដើម្បីត្រៀមទទួល កីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត នៃ ព្រះ រាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ ។
លោក ស៊ូ សាវ៉ន ប្រធាន អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១ វិច្ឆិកា ២០២៤នេះថា បានសាងសង់ ពង្រាយ បង្គន់អនាម័យ និង បន្ទប់ទឹកចល័ត សរុបជាង ៦០០បន្ទប់ ដេីម្បីបម្រេីសេវាជូន បងប្អូនប្រជាពលរដ្ឋ ។
លោក បានបន្តថា ការងាររៀបចំបង្គន់និងបន្ទប់ទឹកមាន បង្គន់ថ្ម១២ទីតាំងស្មេីនឹង ១៤៦បន្ទប់ (មានស្រប់តាមសួន) បង្គន់ចល័ត ១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ បង្គន់ស័ង្កសីជីកមាន ៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន ១០០បន្ទប់ (កីឡាករអុំទូក)។
លោកប្រធានបានឱ្យដឹងទៀតថា ក្រុម ការងារ បានលាបច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយដែក៧០បង់ លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និង ហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ) ដាក់ ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ១២០ស្លាក ត្រៀម កម្លាំង សម្រាប់ បោសសំអាតសួនច្បាររយ:ពេល៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤មានចំនួន ៣០០នាក់។
លោក បន្តថា ចំពោះការងារជួសជុលក្រានីតនិងការ៉ូឡា ក្រុម ការងារ បានជួសក្រានីតសួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ) សួនច្បារថ្មើរជើងជួសការ៉ូឡាសួនឧទ្យានកាណាឌីយ៉ា និងជួសជុលការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ