ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមត្រៀមលក្ខណៈ ការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមត្រៀមលក្ខណៈក្នុងការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុននេះ។
ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពពាក់ព័ន្ធ សូមបង្កើនការផ្សព្វផ្សាយគ្រប់មធ្យោបាយនូវសារអប់រំ ព័ត៌មាននិងទីតាំងស្តង់ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តគិលានុសង្រ្គោះបន្ទាន់ ដើម្បីងាយស្រួលក្នុងការស្វែងរក។ ទន្ទឹមនឹងនេះ នៅតាមអង្គភាព ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលានូវសម្ភារវេជ្ជសាស្រ្ត និងឱសថសារវន្តសម្រាប់គាំទ្រ ដោយត្រូវរៀបចំផែនការឱ្យទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នណាមួយយថាហេតុ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ពាំនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ ដោយត្រូវមានភាពបុរេសកម្មនឹងការងារ ដោយត្រូវមានការឆ្លុះបញ្ចាំងគ្រប់រូបភាពការងារឱ្យក្លាយជាសកម្មភាពការងារ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងការយកទៅពង្រឹងការងារនៅតាមអង្គភាពរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារគ្រប់ទិដ្ឋាភាពទាំងមន្រ្តីសុខាភិបាល និងសាធារណជន ៖
-ត្រូវបង្កើនការផ្សព្វផ្សាយគ្រប់រូបភាព ដោយភាពបុរេសកម្ម និងនវានុវត្តន៍
-ជាគោលការណ៍ដោយត្រូវបង្កើនសមត្ថភាពទាំងជំនាញទ្រីស្តី និងបច្ចេកទេស
-ត្រូវស្វែងយល់ពីការចង់បាន និងការរំពឹងទុករបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ឆ្ងាយ
-ត្រូវចូលចិត្តទុកដាក់ខ្ពស់ក្នុងការពារសុខភាពប្រជាពលរដ្ឋ ដោយត្រូវពង្រឹង និងតាមដានឱ្យបានជាប់ជាប្រចាំលើសមត្ថភាពមន្រ្តីរបស់ខ្លួន។
ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ប្រធានអង្គភាព ត្រូវមានការណែនាំដល់មន្រ្តីរបស់ខ្លួន ត្រូវស្វែងយល់ពីការងារ និងត្រូវជំនាញរបស់ខ្លួនឱ្យកាន់តែច្បាស់លាស់ស៊ីជម្រៅ ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានទស្សនវិស័យឆ្ពោះទៅមុន ៕
ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ