១០ ខែ ផ្លូវដែក ចិន-ឡាវ ដឹកអ្នកដំណើរបាន ៣ លាននាក់

ប៉េកាំង ៖ ក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ រថភ្លើងល្បឿនលឿន ឡាវ-ចិន បានដឹកអ្នកដំណើរសរុបចំនួន ៣ លាននាក់ កើនឡើង ៤៤.៤% ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Laos-China Railway Co., Ltd. ហៅកាត់ (LCR) និងដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Star ។

ក្នុងចំណោមអ្នកដំណើរ ៣ លាននាក់នេះ មានអ្នកដំណើរក្នុងស្រុកចំនួន ២ លាន ៨ សែន ៩ ម៉ឺននាក់ និងអ្នកដំណើរបរទេសប្រមាណ ១០ ម៉ឺន ៧ ពាន់នាក់ ។ ជាមធ្យម រថភ្លើងល្បឿនលឿន ឡាវ-ចិន អន្ទងចិត្តអ្នកដំណើរបានប្រហែល ១ ម៉ឺននាក់ក្នុងមួយថ្ងៃ ។

ដើម្បីសម្រួលដល់អត្រាកំណើនអ្នកដំណើរ ផ្លូវដែក ឡាវ-ចិន ក៏បានធ្វើការកែលម្អផ្នែកជាច្រើនផងដែរ រួមទាំងការបន្ថែមខ្សែរថភ្លើង និងការបន្ថែមម៉ោងបម្រើសេវាកម្ម ជាពិសេសដើម្បីគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់ឡាវ ។

សម្រាប់នៅឆ្នាំ ២០២៥ ផ្លូវដែក ឡាវ-ចិន គ្រោងដាក់ឲ្យប្រើប្រាស់រថភ្លើងអគ្គិសនីទី ៥ ដើម្បីជំរុញវិស័យទេសចរណ៍ និងបង្កើនភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរក្រោមផែនការ Visit Laos Year 2024 ជាពិសេសគឺដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើររបស់ប្រទេសឡាវ ។

ផ្លូវដែកឡាវ-ចិន ដែលគេស្គាល់ថា ផ្លូវរថភ្លើង Boten-Vientiane ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២១ ។ ផ្លូវដែកមួយនេះ គឺជាគម្រោងដ៏សំខាន់មួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដែលសាងសង់ឡើងដើម្បីកែលម្អការតភ្ជាប់ក្នុងតំបន់ និងជំរុញពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner