សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ព្រោះជាមូលដ្ឋានធានាដល់កំណើនសេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិថីតេជោសន្តិភាពឆ្នេរអង្គលប្រវែងសរុប ១២.៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។

វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់សមុទ្ររបស់ខេត្តកែប ដែលបាននិងកំពុងដើរតួនាទីជួយសម្រួលដល់ចរាចរណ៍ ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជាង ៦.០០០ គ្រួសារ។ វិថីនេះ ក៏ជាខ្សែផ្លូវ តភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម, តំបន់ស្រែអំបិល, តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្ត ក្នុងទិសដៅទៅមក រវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀត នៅក្នុងខេត្ត។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយដល់ការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដូចជា វិស័យដឹកជញ្ជូន, វិស័យថាមពល, វិស័យកសិកម្មនិងធនធានធម្មជាតិ, វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ, វិស័យផ្គត់ផ្គង់ទឹកស្អាតនិងហេដ្ឋារចនាសម្ព័ន្ធទីក្រុង, វិស័យធារាសាស្ត្រ និង ការគ្រប់គ្រងទឹកជំនន់, វិស័យគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន, វិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យគ្រប់គ្រងសាធារណៈ និងវិស័យសុខាភិបាល រួមទាំងកម្មវិធីជំនួយបច្ចេកទេសជាច្រើនទៀត ដើម្បីបម្រើដល់ការរីកចម្រើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ថ្លែងក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតី បានលើកឡើងថា ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស ជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ ព្រោះជាមូលដ្ឋានធានាដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបានហុចផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូន ការប្រើប្រាស់ និងការបង្កើតសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន។ សម្តេចធិបតីបានលើកឡើងថា ក្នុងរយៈពេល១៥ខែ នៃការចេញដំណើរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានបន្តការអភិវឌ្ឍដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ជាពិសេស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន ដូចជា ផ្លូវ ស្ពាន ការបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោ ការរៀបចំ និងពង្រីកកំពង់ផែព្រះស៊ីហនុ ការរៀបចំពង្រឹងប្រព័ន្ធភ័ស្តុភារកម្ម និងវិស័យជាច្រើនទៀត។ ជាក់ស្តែងបន្ថែមទៀតនោះ ការដាក់សម្ពោធឱ្យប្រើប្ររាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្គលនេះ ជាសមិទ្ធផលថ្មី ដែលផ្តល់ប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋទូទៅពិសេសអ្នករស់នៅផ្ទាល់នៅក្នុងខេត្តកែបផ្ទាល់៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner