សហគមន៍ ទេសចរណ៍ បាគងភូមិខ្ញុំ កំពុងតម្រូវការបន្លែ និង សាច់ខ្ពស់ដើម្បីផ្គត់ផ្គង់ភ្ញៀវទេសចរ

(ខេត្តសៀមរាប) របរកសិកម្មដាំដុះ និង ចិញ្ចឹមសត្វគឺជាមុខរបរមួយ របស់ពលរដ្ឋខ្មែរតាំងតែពីដូនតាមកជាពិសេសអ្នក រស់នៅ ស្រុក ស្រែចំការ ។ ហើយ កសិករខ្លះ ដាំដុះ សម្រាប់ជាលក្ខណៈ ហូបចុក ក្នុងគ្រួសារ និងខ្លះទៀតដាំដុះសម្រាប់លក់លើទីផ្សារ ដើម្បីរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពរៀងៗខ្លួន ។

តាមរយៈមុខរបររបស់ដូនតាខ្មែរនេះដែរ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ មានទីតាំងស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរួមគ្នាដាំដំណាំកសិកម្ម និងចិញ្ចឹមសត្វដែលផលដំណាំ និងការចិញ្ចឹមសត្វ ដើម្បីលក់ទៅឱ្យសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលមានភ្ញៀវទេសចរ ចូលកម្សាន្តរាប់រយនាក់ក្នុងមួយថ្ងៃៗដែលមានបម្រើម្ហូបអាហារ និងទីកម្សាន្តបែបកែច្នៃដ៏មានឈ្មោះមួយកន្លែងក្នុងទឹកដីខេត្តសៀមរាប ។

លោក សូត្រ សួរ ប្រធានសហគមន៍ ទេសចរណ៍បាគង ភូមិខ្ញុំ បានឱ្យដឹងថា៖ ចាប់តាំងពីការបង្កើតសហគមន៍បាគងភូមិខ្ញុំរយៈពេល៣ទៅ៤ឆ្នាំមកនេះ និងពិសេសកំណើនភ្ញៀវទេសចរ៍កើនឡើងបន្តបន្ទាប់ឃើញថា ការផ្គត់ផ្គង់បន្លែ ផ្លែឈើ និងសាច់សត្វដូចជាមាន់ទា កង្កែបមានការខ្វះខាតដោយសារថា ការផលិតមិនទាន់តម្រូវការរបស់ភ្ញៀវទេសចរចូលមកកម្សាន្ត និងស្រស់ស្រូបអាហាររៀងរាល់ថ្ងៃ។

លោក បន្តថា ក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំមានប្រជាសហគមន៍សរុបចំនួន ៣០០គ្រួសារ ក្នុងនេះពួកគាត់ពុំទាន់មានលទ្ធភាពក្នុងការចិញ្ចឹមសត្វ ដូចជាមាន់ទា កង្កែបឱ្យបានតាមតម្រូវការនោះឡើយដែលចាំបាច់ត្រូវទៅទិញនៅតំបន់សហគមន៍ផ្សេងទៀតដើម្បីបង្រ្គប់ការផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ។ ដោយសារតម្រូវការមាន់ក្នុងមួយថ្ងៃចាប់ពី ៤៥ទៅ៥០មាន់ និងពិសេសថ្ងៃសៅរ៍អាទិត្យតម្រូវការនេះទ្វេរដង ពី ៨០ទៅ១០០មាន់ ។ ដោយឡែកសម្រាប់ត្រីវិញ គឺតម្រូវការក្នុងមួយថ្ងៃប្រមាណ ១៥គីឡូក្រាមឡើងទៅក្នុងនេះមានដូចជាត្រីក្រាញ់ ត្រីខ្ទក់ជាដើម។ សម្រាប់បន្លែវិញមានតម្រូវការប្រមាណ ១៥គីឡូក្រាមក្នុងមួយថ្ងៃ ។

លោកថា ដោយសារតម្រូវការបន្លែ និង សាច់កាន់តែច្រើន ហេតុនេះសំណូមពរឱ្យពលរដ្ឋបង្កើនការផលិតកសិកម្មឱ្យបានច្រើន ។ ព្រោះ លោកពុំបាននាំម្ហូបអាហារដែលជាបន្លែសាច់នេះនាំចូលពីក្រៅទេ គឺប្រើបន្លែ សាច់ក្នុងសហគមន៍ដែលជាបន្លែធម្មជាតិសុទ្ធសាធប៉ុណ្ណោះ ។ ក្រៅពីនេះដោយសារ លោកធ្លាប់បានរៀននៅប្រទេសជប៉ុន ស្តីពីម្ហូបអាហារ ហេតុនេះលោកត្រូវការតែម្ហូបអាហារណាល្អ ភ្ញៀវទេសចរបរិភោគហើយមានសុខភាពល្អ ហេតុនេះ ពេលដែលភ្ញៀវទេសចរទទួលបានម្ហូបអាហារល្អ គាត់នឹងចូលចិត្តមកកាន់ទីនេះទៀត ពោលគឺមកហើយនឹងមកទៀតមិនចេះនឿយណាយទេ។

ប្រធានសហគមន៍ រូបនេះបាននិយាយដែរថា៖បច្ចុប្បន្នមានសហគមន៍ចំនួន ៣ បានផ្គត់ផ្គង់ដល់សហគមន៍ ហើយក្នុងចំណោមនេះនៅផលិតមិនទាន់តម្រូវការថែមទៀត ។ ក្រៅពីនេះសម្រាប់សហគមន៍របស់លោកដែលបង្កើតតំបន់ទេសចរណ៍នេះ គឺមានចំនួន ៩០នាក់ដោយក្នុងចំណោមនេះមាន ៧៨នាក់ហើយជាប្រជាសហគមន៍នៅទីនេះ ចំណែក ១២នាក់ជាអ្នកនៅផ្នែកខាងក្រៅដែលលោកបានឱ្យមកធ្វើការដែលក្នុងនេះសុទ្ធតែជាអ្នកជំនាញទៅលើចំណីអាហារ ចុងភៅ អ្នកគ្រប់គ្រងបម្រើភ្ញៀវ អ្នកបរិស្ថាន អ្នកឆុងកាហ្វេ លក់ភេសជ្ជៈ ជាដើម។ សម្រាប់មុខម្ហូប ពិសេសប្រចាំសហគមន៍នៅទីនេះដូចជា មាន់ អាំងទឹកឃ្មុំ មាន់អាំងអំបិលម្ទេស ប្រហុកជ្រុញ ប្រភេទឆា ស្ងោរ និងអាម៉ុកជាដើម។

អ្នកស្រី ហុង យួក ប្រជាសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំបានឱ្យដឹងថាអ្នកស្រីក្រៅអំពីដាំបន្លែ ចិញ្ចឹមសត្វ សម្រាប់ ផ្គត់ផ្គង់ ដល់សហគមន៍ហើយ នៅធ្វើការងារជាចុងភៅក្នុងសហគមន៍មួយនេះដែលអាចរកចំណូលសម្រាប់ផ្តគង់ផ្គង់ជីវភាពគ្រួសារផងដែរ។

អ្នកស្រីពង្សសាមិត្ត ស្រ្តីមួយរូបទៀតដែលជាអ្នកដាំដុះកសិកម្ម និងជាអ្នកធ្វើការនៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំបានឱ្យដឹងថាក្រៅពីដាំដំណាំកសិកម្ម ចិញ្ចឹមសត្វ ធ្វើឱ្យអ្នកស្រីក៏អាចចូលបម្រើការងារនៅសហគមន៍ទេសចរណ៍បាគងដែលជាការរកចំណូលបានបន្ថែមទៀត។ចំណូលទាំង២មុខនេះជួយឱ្យការរកចំណូលគ្រួសារកាន់តែល្អប្រសើ់រ ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា បើតាមឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងកាលពីថ្មីៗមកនេះថា ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៤នេះ ផលិតផលដំណាំកសិកម្មកម្ពុជាបានកំពុង ដំណើរការល្អដែលនេះមានន័យថា ទាំងការដាំដុះ ដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មគឺកម្ពុជាទទួលបានលើសផែនការ។ក្នុងនេះដំណាំស្រូវត្រូវបានគេរំពឹងថានឹងទទួលបានផលល្អលើសការំពឹងទុកផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ក្រុមOB

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner