ធនាគារកណ្តាលវៀតណាមដេញថ្លៃមាស១៣តោន នៅឆ្នាំនេះ

បរទេស៖ កាសែត VNexpress បានចេញផ្សាយថា ចាប់តាំងពីខែមេសា ឆ្នាំ២០២៤មក
ធនាគាររដ្ឋវៀតណាម ឬ The State Bank of Vietnam ហៅកាត់ SBV បានដាក់លក់ដេញថ្លៃលើទីផ្សារ នូវដុំមាសចំនួន ១៣តោន នេះបើតាមទេសាភិបាល SBV លោកស្រី Nguyen Thi Hong។

លោកស្រីបានកត់សម្គាល់ថា ធនាគាររដ្ឋវៀតណាមបានផ្គត់ផ្គង់មាស ១.៨២តោន តាមរយៈការដេញថ្លៃ ៩ដង នៅក្នុងខែមេសា និង ខែឧសភា និង ដុំមាស ១១.៥ តោន តាមរយៈធនាគាររដ្ឋចំនួនបួន របស់ប្រទេសវៀតណាម និងក្រុមហ៊ុនគ្រឿងអលង្ការ Saigon ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា។

តាមរយៈការកំណត់តម្លៃលក់ថេរ ធនាគារកណ្តាលបានគ្រប់គ្រង និងបង្រួមគម្លាត រវាងតម្លៃមាសក្នុងស្រុក និងអន្តរជាតិ ចន្លោះពី ១១៨ ទៅ ១៩៧ ដុល្លារអាមេរិក ក្នុងមួយតំឡឹង រហូតមកដល់ពេលបច្ចុប្បន្ន។

បើតាម VNexpress ធនាគារកណ្តាលវៀតណាម មិនបានបង្កើនការផ្គត់ផ្គង់លើទីផ្សារ ឬ ដាក់លក់ដេញថ្លៃមាស អស់រយៈពេល ១០ឆ្នាំ មកហើយ ប៉ុន្តែ ទើបតែចាប់ផ្តើមផ្គត់ផ្គង់វិញ ក្នុងឆ្នាំ២០២៤នេះ ជាវិធានការកាត់បន្ថយគម្លាតតម្លៃមាសសកល ដែលគេដឹងថា បានឡើងថ្លៃយ៉ាងគំហុក ក្នុងពេលតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនោះ។

លោកស្រី Hong បានបន្តថា នៅពេលអនាគត វិធានការអន្តរាគមន៍បែបនេះ នៅតែចាំបាច់ ដើម្បីរក្សាទីផ្សារឲ្យមានស្ថិរភាព និងស្របតាមគោលនយោបាយរូបិយវត្ថុរបស់ប្រទេស។

រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យអាជីវកម្មចំនួន ១៦ និងស្ថាប័នឥណទានចំនួន ២២ ធ្វើពាណិជ្ជកម្មមាស ជាង ៦៦៨០អាជីវកម្ម ដើម្បីផលិតជាគ្រឿងអលង្ការ នេះបើតាម VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner