សិស្សនិទ្ទេស A ៣៤នាក់ និងសិស្សប្រលងជាប់បាក់ឌុប ២ពាន់នាក់ នៅខេត្តត្បូងឃ្មុំ ទទួលរង្វាន់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល និងប្រគល់អំណោយលើកទឹកចិត្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ មកពីស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរសិស្សនុសិស្សទាំងអស់ បានខិតខំសិក្សារៀនសូត្រ ១២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយបានទទួលជ័យលាភី គួរជាទីគាប់ចិត្ត ចំពោះខ្លួនឯង និងឪពុកម្តាយ ព្រមទាំងក្រុមគ្រួសារ។ ក្នុងជំហានបន្ទាប់នេះ សិស្សានុសិស្ស ប្រឡងជាប់ នឹងត្រូវសម្រេចចិត្តចូលរៀនបន្តនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបានចំណេះដឹង និងចំណេះធ្វើ និងទទួលបានជំនាញសម្រាប់អនាគត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្ត សូមឱ្យប្អូនៗសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួននិងចូលរួមក្នុងភាពស្អាតក្នុងផ្នត់គំនិត (មានសុភាវធម៌៖ សុជីវធម៌ សីលធម៌ និងគុណធម៌) ឆ្ពោះទៅកម្ពុជាស្អាត និងកម្ពុជាស្អាត លើឆាកអន្តរជាតិ ទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់សិស្សជាប់និទ្ទេស A ចំនួន ៣៤នាក់ និទ្ទេស B ចំនួន ២១៣នាក់ និទ្ទេស C ចំនួន ៤៤៥នាក់ និទ្ទេស D ចំនួន ៧១០នាក់ និងនិទ្ទេស E ចំនួន ៦១២នាក់ សរុបចំនួន ២ ០១៤ នាក់ ក្នុងនោះស្រី មានចំនួន ២៦៨នាក់ ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner