មកដល់ពេលនេះមានប្រមាណ៧០ប្រទេសហើយ ជូនដំណឹងអំពីការមកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពីពិភពលោកមួយគ្មានមីន នៅកម្ពុជា
ភ្នំពេញ៖គិតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះមានប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ាប្រមាណ៧០ប្រទេសបានជូនដំណឹងអំពីការចូលរួមមកក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ានៅខេត្តសៀមរាបនាចុងខែវិច្ឆិកា ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ានៅសាលាខេត្តសៀមរាប។ កិច្ចប្រជុំក៏មានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មន្រ្តីរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធក្នុងខេត្ត
ឯកឧត្តម លី ធុច មានប្រសាសន៍ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ជាការប្រមូលផ្តុំនូវក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញឱ្យពិភពលោកមួយដែលគ្មានមីន និងគ្មានជនណាម្នាក់បន្តរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។ គិតមកដល់ថ្ងៃនេះមានប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា ប្រមាណ៧០ប្រទេសហើយ បានជូនដំណឹងអំពីការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកាខាងមុខ។
ឯកឧត្តម លី ធុច បានគូសរំលេចថា ក្នុងរយៈពេលមួយឆ្នាំនេះកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ជាមួយគ្រប់ភាគីពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានដឹកនាំ និងចូលរួមក្នុងកិច្ចប្រជុំប្រមាណ៦០លើក ។ឯកឧត្តមបន្ថែមថា ជាលទ្ធផលសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ នឹងត្រូវចុះហត្ថលេខា អនុម័តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងកម្មវិធីបើកកិច្ចប្រជុំនាថ្ងៃទី២៥ ខែវិច្ឆិកា ហើយសេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ នឹងត្រូវអនុម័តដាក់ឱ្យប្រើប្រាស់នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផែនការសកម្មភាពនេះ នឹងក្លាយជាត្រីវិស័យតម្រង់ទិសសម្រាប់ការអនុវត្តវិស័យសកម្មភាពមីនដល់គ្រប់ភាគីពាក់ព័ន្ធ។
ក្នុងឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ កងកម្លាំងប្រដាប់អាវុធ ទីភ្នាក់ងារទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធសម្រាប់វឌ្ឍនភាពនៃការរៀបចំធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកាខាងមុខ៕
រូបថត៖មន្ទីរព័ត៌មានខេត្តសៀមរាប