ឆ្នាំ២០៣០ អ៊ីស្លង់នឹងក្លាយជាប្រទេសដំបូងក្នុងពិភពលោកប្រើថាមពលពន្លឺព្រះអាទិត្យនៅលំហអាកាស
រ៉ៃក្យាវិក ៖ ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យ Space Solar របស់ចក្រភពអង់គ្លេស ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុន Reykjavik Energy ដើម្បីធ្វើឱ្យអ៊ីស្លង់ក្លាយជាប្រទេសដំបូងបង្អស់ក្នុងពិភពលោក ដែលទទួលបានថាមពលពីរោងចក្រថាមពលពន្លឺព្រះអាទិត្យ មានមូលដ្ឋាននៅលើលំហអាកាស។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ New Atlas។
ស្ថិតក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ អ៊ីស្លង់នឹងទទួលបានថាមពលទំហំ ៣០ម៉េហ្គាវ៉ាត់នៅឆ្នាំ ២០៣០។ ប៉ុន្តែក្រុមហ៊ុន Space Solar បានអះអាងថា ខ្លួនមានគំរោងបង្កើនទំហំចែកចាយថាមពលនៅឆ្នាំ ២០៣៦ ពីម៉េហ្គាវ៉ាត់ទៅជីហ្គាវ៉ាត់ ហើយក្រុមហ៊ុនក៏កំពុងស្វែងរកទីតាំងទទួលថាមពលបន្ថែមនៅអ៊ីស្លង់ កាណាដា និងភាគខាងជើងប្រទេសជប៉ុនផងដែរ។
សហនាយកប្រតិបត្តិនៃក្រុមហ៊ុន Space Solar លោក Martin Soltau បានគូសបញ្ជាក់ថា ថាមពលពន្លឺព្រះអាទិត្យមានមូលដ្ឋាននៅលំហអាកាស បានផ្តល់អត្ថប្រយោជន៍មិនអាចប្រៀបផ្ទឹមបាន ជាមួយនឹងតម្លៃថាមពលដែលមានការប្រកួតប្រជែង និងការផ្តល់សេវាកម្ម ២៤ម៉ោងក្នុងមួយសប្តាហ៍។
សហនាយកប្រតិបត្តិរូបនេះបន្ថែមថា ការទទួលស្គាល់របស់ក្រុមហ៊ុន Reykjavik Energy អំពីសក្ដានុពលនៃថាមពលពន្លឺព្រះអាទិត្យមានមូលដ្ឋាននៅលំហរអាកាស ដើម្បីជំរុញការផ្លាស់ប្តូរថាមពលនៅផែនដី គឺជារឿងដ៏គួរឱ្យរំភើបមួយ ហើយយើងរីករាយធ្វើការជាមួយគ្នា ក្នុងភាពជាដៃគូឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព៕
ប្រភព ៖ News Atlas ប្រែសម្រួល ៖ ឈឹម ទីណា