Softbank ចំណេញជាង ៧ពាន់លានដុល្លារក្នុងត្រីមាសទី២

តូក្យូ ៖ ក្រុមហ៊ុន SoftBank Group ដែលជាក្រុមហ៊ុនវិនិយោគទុនដ៏ធំបំផុតមួយក្នុងពិភពលោក នៅថ្ងៃអង្គារ ប្រកាសរកបានប្រាក់ចំណេញសុទ្ធនៅត្រីមាសទីពីរឆ្នាំនេះចំនួនជិត ៧.៧ពាន់លានដុល្លារ បន្ទាប់ពីខាតបង់សុទ្ធនៅក្នុងត្រីមាសទីមួយ និងឆ្នាំហិរញ្ញវត្ថុមុន។

លទ្ធផលប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន SoftBank ច្រើនតែប្រែប្រួលខ្លាំង ដោយសារតែក្រុមហ៊ុននេះ វិនិយោគយ៉ាងច្រើននៅក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងក្រុមហ៊ុនផលិតបន្ទះឈីប ដែលតម្លៃភាគហ៊ុនរបស់ពួកគេមានភាពប្រែប្រួល។

យ៉ាងណាមិញ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ប្រាក់ចំណេញសុទ្ធរបស់ SoftBank មានចំនួនសរុបជិត ៧.៧ពាន់លានដុល្លារ ខ្ពស់ជាងការព្យាករណ៍ចំនួនជិត ២ពាន់លានដុល្លារដោយអ្នកវិភាគ។ តួលេខនេះ បានកែប្រែការខាតបង់សុទ្ធចំនួនជាង ១.១ពាន់លានដុល្លារ កាលពីខែមេសា ដល់ខែមិថុនា ពោលគឺក្នុងរយៈពេលបីខែមុន។

ស្ថិតក្រោមការគ្រប់គ្រងដោយស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SoftBank លោក Masayoshi Son បានធ្វើការបណ្ដាក់ទុនយ៉ាងច្រើនទៅលើផ្នែកបញ្ញាសិប្បនិម្មិត និងអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ តាមរយៈមូលនិធិ Vision Fund នៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានផ្ដល់នូវប្រាក់ចំណេញដ៏ច្រើន និងសុទិដ្ឋិនិយមចំពោះការវាយតម្លៃនាពេលអនាគតផងដែរ បើទោះបីជា នៅមួយរយៈថ្មីៗនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ មានការប្រែប្រួលដោយសារតែការរង្គោះរង្គើនៃទីផ្សារបច្ចេកវិទ្យាក្ដី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner