ចិនក្លាយជាប្រទេសទី២លើពិភពលោក មានយន្តហោះចម្បាំងបំបាំងកាយពីរម៉ូដែល

ប៉េកាំង៖ យន្តហោះចម្បាំងបំបាំងកាយ J-35A ថ្មី បានធ្វើឱ្យចិនក្លាយជាប្រទេសតែមួយគត់ ក្រៅពីសហរដ្ឋអាមេរិក ដែលមានយន្តហោះចម្បាំងបំបាំងកាយពីរម៉ូដែលនៅក្នុងដៃ។

យន្តហោះដែលលេចធ្លោបំផុត ក្នុងអំឡុងពិព័រណ៌ Airshow China ដែលបង្ហាញពីភាពរីកចម្រើនវិស័យអាកាសស៊ីវិល និងយោធារបស់ចិនរៀងរាល់ពីរឆ្នាំម្តងនៅទីក្រុង Zhuhai ភាគខាងត្បូងប្រទេសនោះ គឺជាយន្តហោះចម្បាំងបំបាំងកាយ J-35A ថ្មី។

យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកពិឃាតទំនើបៗជាច្រើន បានហោះហើរសំកាំងខ្លួននៅលើផ្ទៃមេឃ អំឡុងពិព័រណ៍ផ្លូវអាកាសដ៏ធំបំផុតរបស់ប្រទេសចិន ដែលបើកជាផ្លូវការកាលពីថ្ងៃអង្គារ។

អ្នកជំនាញនិយាយថា ការបញ្ចេញយន្តហោះចម្បាំងបំបាំងកាយ J-35A ថ្មីនាពេលនេះ បានបង្ហាញថា វាជិតរួចរាល់ចូលបម្រើយោធា ដែលនឹងធ្វើឱ្យចិនក្លាយជាប្រទេសតែមួយគត់ ក្រៅពីសហរដ្ឋអាមេរិក ដែលមានយន្តហោះចម្បាំងបំបាំងកាយពីរម៉ូដែលនៅក្នុងដៃ។

យន្តហោះ J-35A គឺស្រាលជាងម៉ូដែល J20 ដែលមានស្រាប់របស់ចិន ហើយមើលទៅស្រដៀងនឹងយន្តហោះ F-35 របស់អាមេរិកដែរ។ យន្តហោះ J20 មួយក្រុមក៏បានសម្តែងការហោះហើរបង្ហាញនៅព្រឹកថ្ងៃអង្គារផងដែរ ក្នុងទម្រង់ជាគ្រាប់ពេជ្រនៅលើមេឃ។

គួរបញ្ជាក់ថា ប្រទេសចិនត្រូវបានគេមើលឃើញថា បានចំណាយថវិកាយ៉ាងច្រើនសម្បើម ដើម្បីធ្វើទំនើបកម្ម និងពង្រីកសមត្ថភាពទ័ពអាកាសចរណ៍របស់ខ្លួន ខណៈដែលទីក្រុងប៉េកាំងប្រឈមមុខនឹងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ជុំវិញបញ្ហារសើបៗជាច្រើន រួមទាំងកោះតៃវ៉ាន់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner