រដ្ឋមន្ត្រីការបរទេស ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ
(ភ្នំពេញ)៖ ប្រទេសកម្ពុជា ត្រូវបានជ្រើសររើសជាផ្លូវការ ជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងអំឡុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នេះ គ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ។
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាការចាប់ផ្តើមជាផ្លូវការ នូវការងារត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ។
គណៈកម្មការជាតិនេះ ចំណុះដោយអនុគណៈកម្មការចំនួន ៦ រួមមាន ៖ ១. ខ្លឹមសារ និងឯកសារ, ២. ពិធីការ និងបដិសណ្ឋារកិច្ច, ៣. សារព័ត៌មាន និងផ្សព្វផ្សាយ, ៤. សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, ៥. ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និង ៦. ហិរញ្ញវត្ថុ ក៏ដូចជា លេខាធិការដ្ឋានមួយ ដែលមានសមាសភាពពីថ្នាក់ដឹកនាំសំខាន់ៗ មកពីក្រសួង-ស្ថាប័នរដ្ឋ និងឯកជនជាច្រើន ។
កិច្ចប្រជុំនេះ បានដាក់ចេញនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ដំណើរការរៀបចំ ដើម្បីធានាឱ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រងកូហ្វូនីលើកទី២០ និងធ្វើឱ្យកិច្ចប្រជុំនេះក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់សហគមន៍ប្រើប្រាស់ភាសាបារាំងទាំងមូល ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ