ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ​ស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធា​រណៈ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រឡងប្រជែង កាលពីរសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាព​ការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ថា ការប្រឡងប្រ​ជែង​​ជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ។

ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខណ្ឌនេះ គឺសំដៅលើ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង ការប្រឡង​ជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិចំនួន ១០០កន្លែង នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រីឯ ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​មន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលចំនួន ៥០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលព្រឹក) និងសិស្សមន្ត្រីក្រមការសាលាភូមិន្ទរដ្ឋបាល​ចំនួន ១៨០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលរសៀល) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមបេក្ខជន អាណា​ព្យាបាល និងសាធារណជនជ្រាបជាព័ត៌មាន និងត្រៀម​លក្ខណៈ​ឱ្យបានរួចជាស្រេចសម្រាប់ការប្រឡងប្រជែងនាពេលខាងមុខនេះ តាមរយៈការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner