ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» របស់ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក

អត្ថបទដោយ៖
ង៉ាន់ ទិត្យ

(ភ្នំពេញ)៖ ឯកឧត្តម សឹង ម៉ុន អនុប្រធាននៃអនុគណៈកម្មការគ្រប់គ្រង និង​ទ្រទ្រង់​ទូក ង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» ដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំង​ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

បើតាមឯកឧត្តម សឹង ម៉ុន បានពន្យល់ថា ទូក ង ធីវេតតេជះឈ្នះអស់ការលំបាក​ដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមានអត្ថន័យ​សំដៅលើ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកម្មវិធីបណ្តុះបណ្តាលជំនាញថ្នាក់ជាតិដែល​កំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្ម​ឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ដល់យុវជន និងពលរដ្ឋទូទៅជាពិសេស​កម្មវិធី TVET ១,៥លាននាក់ គឺផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និង​ទទួល​បានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» មានការប្តេជ្ញាខ្ពស់ក្នុងការប្រជែងយកជ័យលាភីជូនក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈដើម្បីបង្ហាញពីសក្តានុពលលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជួយលើក​កម្ពស់​កម្មវិធីបណ្តុះបណ្តាលជំនាញថ្នាក់ជាតិមួយនេះឱ្យកាន់តែទូលំទូលាយដល់ស្រទាប់មហាជន យុវជននៅទូទាំងប្រទេសផងដែរ។

បន្ថែមពីនេះ ឯកឧត្តម ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនចូលរួម​ទស្សនាការប្រណាំងទូក ង នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ​នេះ ឱ្យបានច្រើនកុះករដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករទូក ង៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner