ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញសោភ័ណភាពបែប​សហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប

(ភ្នំពេញ)៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងក្រុមការងាររៀបចំប្រទីប នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដើម្បីពិនិត្យមើល​វឌ្ឍនភាព ការងារតុបតែងលម្អ និងបណ្តែតប្រទីបសាកល្បង ដើម្បីត្រៀមចូលរួម​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង​ប្រ​ព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានតុបតែងលម្អ​រំលេចនូវសោភ័ណភាពបែបសហសម័យ បង្ហាញអត្ថន័យធំធេងពាក់ព័ន្ធនឹង​វិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងនោះនៅលើប្រទីបរបស់ក្រសួងការងារមានខ្លឹមសារដូចជា៖

ទី១/ “រូបសញ្ញារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ស្ថិតនៅ​កណ្តាលប្រទីប តំណាងឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំណែក “រូបមនុស្ស ប្រុសស្រីក្នុងឯកសណ្ឋានជាអធិការការងារ” តំណាងឱ្យកា​រធានា​នូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្ដីពីការងារនិងបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​សំដៅរក្សាឱ្យបាននូវលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាព​ការ​ងារ​ប្រសើរ និងការលើកកម្ពស់សិទ្ធិការងារនៅកម្ពុជាស្របតាមច្បាប់ជាតិ និង​បទដ្ឋានអន្តរជាតិខាងការងារ។

ទី២/ អក្សរ “TVET” តំណាងឱ្យការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធានាដល់ការអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មឱ្យមានជំនាញ​ដោយ​ធានាថា “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ឆ្លើយតបទៅនឹងតម្រូវ​ការនៃការវិវត្តន៍យ៉ាងរហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល​។ “អក្សរ ១,៥លាន(មួយលានប្រាំសែន)” តំណាងឱ្យកម្មវិធីបណ្តុះបណ្តាល​ជំ​នាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រងហានិភ័យ។

ទី៣/ រូបប័ណ្ណ ប.ស.ស. តំណាងឱ្យអត្ថប្រយោជន៍នៃរបបសន្តិសុខ​សង្គម​ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលផ្តល់​ជូនបងប្អូនកម្មករនិយោជិត មន្ត្រីរាជការសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។

ទី៤/ អក្សរ “ទ.ជ.ម.ក. NEA” តំណាងឱ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលបាននិងកំពុងផ្តល់សេវា​ជួយស្វែងរកកាងារ ការចុះ​ឈ្មោះ ប្រមូល និងផ្សព្វផ្សាយព័ត៌មានអំពី​ឱកាស​ការងារ ការប្រឹក្សាយោបល់ មគ្គទេសក៍ការងារនិងអាជីព ជូនដល់យុវជន សិស្ស​និស្សិត និងអ្នកស្វែងរកការងារ និង ផ្គត់ផ្គង់កម្លាំងពលកម្មទៅឱ្យរោងចក្រ សហ​គ្រាស តាមរយៈមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌល ការ​ងារ​ចល័ត ដូច “រូបរថយន្ត” ដែលមានរំលេចពាក្យ៖ រកការងារ រើសបុគ្គលិក និងប្រឹក្សាយោបល់ការងារ។

ទី៥/ “រូបអគា​រ” តំណាងឱ្យរោងចក្រ សហគ្រាសទាំងអស់នៅកម្ពុជា ដែលជា​ប្រភព​នៃការបង្កើតការងារជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស។

ទី៦/ “រូបមនុស្សប្រុសស្រី” ស្ថិតនៅខាងឆ្វេង និងខាងស្តាំ នៃអក្សរ ការងារ​សន្តិ​សុខសង្គម បណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត នឹងនិយោ​ជក ជាតួអង្គដ៏សំខាន់នៃទំនាក់ទំនងវិជ្ជាជីវៈ ត្រូវតែមានការគោរព និងយោគយល់​អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយសហគ្រាស​មួយទៅជាសហគមន៍​សុខសាន្តមួយសំដៅ ធានាបាននូវសុខដុមនីយកម្មសង្គម។

ទី៧/ “រូបយន្ដហោះ” តំណាងឱ្យលំហូរនៃសកម្មភាពធុរកិច្ច ការវិវិយោគផ្ទាល់​ពីបរទេស និងទីផ្សាការងារនៅក្នុងប្រទេស ដែលដើរតួជាកម្លាំងចលករស្នូល​ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ទី៨/ “រូបដ្រូន” តំណាងឱ្យការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល​នៅកម្ពុជា ដែលតម្រូវឱ្យមាននូវការចូលរួមយ៉ាងសកម្មក្នុងការ​ធ្វើសមាហរណកម្ម​ឌីជីថលនៅក្នុងទីផ្សារការងារកម្ពុជាតាមរយៈការជំរុញការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ទី៩/ “រូបនាគរាជ” គឺជាសត្វទីឃជាតិប្រកបដោយអានុភាព អំណាច និងមហិទ្ធិឫទ្ធិខ្លាំង​ពូកែ តំណាងឱ្យវឌ្ឍនភាព និងភាពរឹងមាំរបស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈលើមាគ៌ាសន្តិភាព។

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ នឹងមានពិធីបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុននានា សរុបចំនួន៣៦ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner