អាមេរិក ៖ ទាហានកូរ៉េខាងជើងផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធនឹងអ៊ុយក្រែន

បរទេស៖ ក្រសួងការបរទេសអាមេរិកបានអះអាងថា ទាហានកូរ៉េខាងជើង ពិតជាបានចាប់ផ្តើមចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន នៅតំបន់ Kursk ភាគខាងលិច របស់រុស្ស៊ី។

អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា ទាហានកូរ៉េខាងជើងជាង ១០,០០០ នាក់ត្រូវបានបញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី។ ពួកគេ ភាគច្រើន ត្រូវបានផ្លាស់ប្តូរ ទៅកាន់តំបន់ភាគខាងលិចឆ្ងាយ នៃតំបន់ Kursk ហើយ បានចាប់ផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ ជាមួយកងកម្លាំងរុស្ស៊ី។

នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ ជាផ្លូវការ នូវការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងសង្គ្រាមនេះ។ លោក Patel បានបន្ថែមថា ជោគជ័យ ក្នុងសមរភូមិប្រយុទ្ធរបស់រុស្ស៊ី ភាគច្រើន នឹងត្រូវកំណត់តាមរយៈកម្រិត នៃការបញ្ចូលកងទ័ពកូរ៉េខាងជើង ទៅក្នុងយោធារបស់ខ្លួន។
លោកបាននិយាយថា បញ្ហាប្រឈមមួយចំនួន ដែលរុស្ស៊ីនឹងត្រូវជម្នះគឺ «អន្តរប្រតិបត្តិការ របាំងភាសា ការបញ្ជា និងការគ្រប់គ្រង ព្រមទាំង ការទំនាក់ទំនង»។

សហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងចូលរួមកិច្ចប្រជុំ នៅទីក្រុង Brussels រហូតដល់ថ្ងៃពុធ ដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់វិស័យការពារជាតិរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ដោយបានជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសដទៃទៀត៕

ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner