ធ្លាប់តែក្តៅហែង! វាលខ្សាច់អារ៉ាប់ធ្លាក់ព្រិលដំបូងក្នុងប្រវត្ថិសាស្ត្រ

បរទេស៖ វាលខ្សាច់ដែលតែងតែដុតដោយពន្លឺព្រះអាទិត្យ នៅប្រទេសអារ៉ាប៊ី សាអូឌីត ត្រូវបានផ្លាស់ប្តូរទៅជាឈុតឆាករដូវរងា ដែលមិននឹកស្មានដល់ ក្នុងប៉ុន្មានថ្ងៃ ថ្មីៗនេះ ខណៈដែលព្រិលបានគ្របដណ្តប់ផ្នែកខ្លះ នៃខេត្ត Al-Jawf ពោលគឺនៅវាលខ្សាច់ Al-Nafūd ភាគខាងជើង នេះបើតាមកាសែត Newsweek ចេញផ្សាយ កាលពីថ្ងៃចន្ទ។

ព្រឹត្ដិការណ៍ដ៏កម្រនេះ បង្ហាញពីការធ្លាក់ព្រិលដំបូងគេ ដែលមិនធ្លាប់មាននៅក្នុងតំបន់ដែលគេស្គាល់ ជាទូទៅថា មានកំដៅដ៏ក្តៅខ្លាំងបំផុត និង វាលខ្សាច់ពណ៌មាស។ ខ្សែវីដេអូបង្ហាញពីផ្កាព្រិលធ្លាក់ ពេញវាលខ្សាច់ ខណៈដែលសត្វអូដ្ឋកាត់ស្រទាប់ទឹកកកស្តើងមួយ ដែលបានបង្កើតឡើង នៅលើផ្ទៃដី។

អ្នកស្រុក និងអ្នកទេសចរបានប្រញាប់ចេញ ពីរថយន្តរបស់ពួកគេ ដោយថតរូប និងវីដេអូ ផ្តិតយករូបភាពអាកាសធាតុ ដែលមិនធ្លាប់មានពីមុនមក។ អ្នកឧតុនិយមបានភ្ជាប់ អាកាសធាតុមិនធម្មតា ទៅនឹងប្រព័ន្ធសម្ពាធទាបដែលបានផ្លាស់ប្តូរពីសមុទ្រអារ៉ាប់ទៅកាន់ប្រទេសអូម៉ង់ ដោយនាំយកខ្យល់សំណើមចូលទៅក្នុងតំបន់ស្ងួតធម្មតា។ ការណ៍នេះបានបណ្តាលឱ្យមានព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ ពាសពេញផ្នែកខ្លះនៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសជិតខាង ដែលបង្កើតបានការផ្លាស់ប្តូរទេសភាព ដែលមិនធ្លាប់មានបែបនេះ។

ជាធម្មតា សីតុណ្ហភាពនៅវាលខ្សាច់ Al-Nafūd អាចឡើងខ្ពស់រហូតដល់ ៥៥ អង្សាសេ ក្នុងកំឡុងខែរដូវក្តៅ។ សីតុណ្ហភាពធម្មតារបស់តំបន់នេះ នៅដើមខែវិច្ឆិកាជាមធ្យម ១៧អង្សាសេ ជាមួយនឹងសីតុណ្ហភាពខ្ពស់២៣អង្សាសេ និងទាបបំផុត ត្រឹម ១១អង្សាសេ នេះបើតាមប្រភពដដែល៕

ប្រភពពី Newsweek ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner