លីបង់៖ ជាយក្រុង Beirut ភាគខាងត្បូងរងការវាយប្រហារ បន្ទាប់ពីអ៊ីស្រាអែលបញ្ជាឲ្យជម្លៀស
បរទេស៖ ទូរទស្សន៍ AFPTV បានបង្ហាញឲ្យដឹង នៅថ្ងៃពុធនេះថា ការវាយប្រហារមួយបានកើតឡើង ទៅលើតំបន់ជាយក្រុង Beirut ភាគខាងត្បូង បន្ទាប់ពីបញ្ជារបស់អ៊ីស្រាអែល ទៅកាន់អ្នកស្រុក ឱ្យជម្លៀសចេញ។
ទូរទស្សន៍ AFPTV បានបង្ហាញពីរូបភាពនៃភ្លើង និងផ្សែង នៅក្នុងតំបន់នោះ។
បទបញ្ជាជម្លៀស ដែលបង្ហោះ នៅលើបណ្តាញសង្គម X ដោយអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានប្រាប់ដោយបង្ខំឲ្យប្រជាជនដែលរស់នៅក្នុងផ្ទះ នៅជិតអគារ «ជាប់ទាក់ទងនឹងក្រុម Hezbollah» រើចេញ ដោយបានព្រមានអំពីការវាយប្រហារដ៏ខ្លាំងក្លា ដែលជិតមកដល់។
អ៊ីស្រាអែលនិយាយថា ខ្លួនចង់ធានាការវិលត្រឡប់មកវិញ ដោយសុវត្ថិភាព សម្រាប់អ្នកស្រុក នៅតំបន់ព្រំដែនភាគខាងជើងអ៊ីស្រាអែល រាប់ម៉ឺននាក់ ដែលត្រូវបានផ្លាស់ទីលំនៅ ដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលក្រុមហេសបូឡាហ៍បានបាញ់ ដើម្បីគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ មនុស្សជាង ៣,២០០ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីពេលនោះមក រួមទាំង ការស្លាប់មនុស្ស ២,៦០០នាក់ ក្នុងរយៈពេល ៧សប្តាហ៍ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាស ដ៏ខ្លាំងក្លាមួយ អមដោយការឈ្លានពានដី នៅភាគខាងត្បូង នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។ មនុស្ស ១.២ លាននាក់ផ្សេងទៀត ត្រូវបានផ្លាស់ទីលំនៅ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត