រាជធានីភ្នំពេញផ្តើមប្រណាំងទូកដកស្រង់បច្ចេកទេស កម្រិតរាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ នាថ្ងៃខាងមុខ

(ភ្នំពេញ)៖ ដើម្បីចូលរួមប្រណាំងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ការប្រណាំងទូកកម្រិតរាជធានី ដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ វិច្ឆិកា ដល់ថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ នៅមុខព្រះបរមរាជវាំង។

ការអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី១២វិច្ឆិកានេះ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅមុខវត្តឧណ្ណាលោម សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា៖ ការប្រណាំងទូកសាកល្បងកម្លាំងនេះ មានទាំងទូកអុំ,ទូកមួង ឬហៅថា ទូកចែវ, ទូកខ្នាតអន្តរជាតិ ទាំងបុរស.នារី សរុបចំនួន ៤៥ទូក ដោយចែកចេញជា ៣ប្រភេទ គឺទូកអុំបុរស ២៧ទូក ទូកចែវ ០៨ទូក ទូកខ្នាតអន្តរជាតិបុរស ១០ទូក និងទូកខ្នាតអន្តរជាតិនារី ០៣ទូក ។

លោកបន្តថា ៖ គូរទូកទាំងអស់ ត្រូវប្រណាំង២ជើង គឺប្តូរខ្សែទឹកក្នុង និងខ្សែទឹកក្រៅ ដោយប្រើក្រូណូម៉ែត្រ សម្រាប់ចាប់កម្រិតល្បឿន។ លោកនាយកមន្ទីរ ក៏បានអរគុណដល់អភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ក្រោមឱវាទរាជធានីភ្នំពេញដែលបានជួយគាំទ្រទាំងស្មារតី និងថវិកាសម្រាប់ការ ចំណាយក្នុងការប្រណាំងទូកជ្រើសរើសទូកលឿន, ទូកមធ្យម ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។

ឯកឧត្ដម ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ហើយថា៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ។

ឯកឧត្ដម ក៏នៅតែបន្តអំពាវនាវបន្ថែមទៀត ដល់បងប្អូនកីឡាករ កីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ជៀសវាងផលប៉ះពាល់ដល់សុខភាព រួមទាំងការពង្រឹងសាមគ្គីភាព ក្នុងចំណោមបងប្អូនកីឡាករទាំងអស់ ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិ តាំងពីយូរលង់មកហើយ។

ព្រះរាជពិធីបុណ្យអុំទូកនេះ បានបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនាន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គា ដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិ សម្រាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើង ក្នុងការលើកស្ទួយវិស័យកសិកម្មជាតិ ឲ្យមានការរីកចម្រើន ។ ម៉្យាងទៀត ក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាព ក្នុងមហាគ្រួសាសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូណ៍ រួមទាំងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner