Air China ជាអតិថិជនដំបូងទិញយន្តហោះ C929 ពី COMAC
ប៉េកាំង ៖ ក្រុមហ៊ុនផលិតយន្តហោះនៃប្រទេសចិន COMAC នៅថ្ងៃអង្គារនេះនិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Air China គឺជាអតិថិជនដំបូងគេ ដែលបញ្ជាទិញយន្តហោះ C929 widebody របស់ខ្លួន ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ដើម្បីប្រកួតប្រជែងជាមួយនឹងយន្តហោះរបស់ក្រុមហ៊ុន Airbus និង Boeing។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។
នាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន COMAC លោក Liu Yan បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងកម្មវិធីផ្សាយពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិននៅទីក្រុង Zhuhai។ យ៉ាងណាមិញ លោក Liu មិនបានបង្ហើបឱ្យដឹងពីចំនួនយន្តហោះដែលក្រុមហ៊ុន Air China មានមូលដ្ឋាននៅទីក្រុងប៉េកាំង នឹងទិញ ឬ កាលបរិច្ឆេទចែកចាយនោះទេ។
បើតាមក្រុមហ៊ុន COMAC បានឱ្យដឹងថា យន្តហោះ C929 មានកៅអីអង្គុយចន្លោះពី ២៨០ ទៅ ៤០០កៅអី និងអាចហោះហើរក្នុងចម្ងាយ ១២,០០០គីឡូម៉ែត្រ ពោលគឺមានលក្ខណៈស្រដៀងទៅនឹងយន្តហោះ Boeing 787 Dreamliner ដែរ។
ដំបូងឡើយ យន្តហោះ C929 នេះ មានឈ្មោះដើម CR929 តែវាត្រូវបានប្តូរឈ្មោះកាលពីឆ្នាំ ២០២៣ បន្ទាប់ពីរុស្ស៊ីបានចាកចេញពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងចិន-រុស្ស៊ី ដើម្បីអភិវឌ្ឍយន្តហោះនេះ។
យោងតាមរបាយការណ៍មួយរបស់ក្រុមហ៊ុនផលិតតួយន្តហោះ C929 បានទម្លាយឱ្យដឹងកាលពីខែមេសាថា ខ្លួនមានបំណងចែកចាយផ្នែកតួយន្តហោះដំបូងនៅខែកញ្ញា ឆ្នាំ ២០២៧។
អគ្គនាយករងក្រុមហ៊ុន COMAC លោក Tong Yu កាលពីខែឧសភា បានប្រាប់ក្រុមអ្នកយកព័ត៌មានហុងកុងនៅទីក្រុងសៀងហៃថា យន្តហោះ C929 គំរូ នឹងបង្ហាញរូបរាងនាពេលដ៏ខ្លីខាងមុខ ហើយថា យន្តហោះនេះអាចនឹងហោះហើរសាកល្បងក្នុងពេលឆាប់ៗ។
នេះបើយោងតាមការចុះផ្សាយរបស់កាសែតហុងកុង Tai Kong Pao ។
ក្រុមហ៊ុន COMAC ក៏បានប្រកាសដែរថា ក្រុមហ៊ុនអាកាសចរណ៍ Hainan បានបញ្ជាទិញយន្តហោះធុនតូច C919 ចំនួន ៦០គ្រឿង និងយន្តហោះក្នុងតំបន់ C909 ចំនួន ៤០គ្រឿង។ ចំណែកក្រុមហ៊ុន Colourful Guizhou Airlines ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ C909 ចំនួន ៣០គ្រឿងផងដែរ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា