ចិន ៖ ខឹងលែងគ្នាចែកទ្រព្យមិនស្មើ បុរសម្នាក់បើកឡានបុករះហ្វូងមនុស្ស ស្លាប់ និងរបួសជិត ៨០នាក់

ប៉េកាំង ៖ អាជ្ញាធរក្នុងតំបន់កាលពីថ្ងៃអង្គារបានរាយការណ៍ថា បុរសម្នាក់បានធ្វើឱ្យមនុស្សចំនួន ៣៥នាក់បាត់បង់ជីវិត និង៤៣នាក់ទៀតរងរបួស បន្ទាប់ពីរូបគេបើករថយន្តមួយគ្រឿងបុករះហ្វូងមនុស្សកំពុងហាត់ប្រាណ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ។

ប៉ូលិសបានឱ្យដឹងថា ហេតុការណ៍បុករះដ៏រន្ធត់នេះ កើតឡើងនៅខាងក្រៅកីឡាដ្ឋានមួយកន្លែងក្នុងទីក្រុង Zhuhai ភាគខាងត្បូងប្រទេសចិន។ ជាមួយគ្នានេះ ជនបង្កបានព្យាយាមបើករថយន្ដរត់គេចពីកន្លែងកើតហេតុ ប៉ុន្ដែត្រូវបានឃាត់ខ្លួនភ្លាមៗ។

យោងតាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា មូលហេតុដែលនាំឱ្យជនបង្កមានត្រកូល Fan អាយុ ៦២ឆ្នាំ បើកឡានបុករះហ្វូងមនុស្សបែបនេះ គឺដោយសារតែរូបគេមិនពេញចិត្ត ចំពោះការបែងចែកទ្រព្យសម្បត្តិ បន្ទាប់ពីការលែងលះជាមួយប្រពន្ធ។

ក្រុមសាក្សីដែលបានឃើញហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានរៀបរាប់ឱ្យដឹងថា ពួកគេបានឃើញជនបង្កយកកាំបិតចាក់ខ្លួនឯងនៅក្នុងរថយន្ដ ហើយបច្ចុប្បន្នកំពុងដេកសន្លប់ បន្ទាប់ពីរងរបួសត្រង់ក និងផ្នែកផ្សេងទៀតនៃរាងកាយ។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរបានចេញផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យមានការខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីព្យាបាលអ្នករបួស និងទាមទារឱ្យផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner