ប្រៃសណីយ៍កម្ពុជា ចាប់ដៃគូជាមួយក្រុមហ៊ុនអង់គ្លេសផ្ដល់សេវាបញ្ញើដល់មុខផ្ទះអតិថិជន

(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា ដែលជាក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនអង់គ្លេសមួយមានឈ្មោះថា What3Words បានឯកភាពគ្នាក្នុងភាពជាដៃគូ ផ្ដល់សេវាបញ្ញើដឹកជញ្ជូនទំនិញ ឬអីវ៉ាន់នានាដល់មុខផ្ទះអតិថិជននៅទូទាំងរាជធានីខេត្ត ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន What3Words Limited និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជរប្រៃសណីយ៍កម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ដើម្បីដោះស្រាយបញ្ហាជូនប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ប្រកបដោយភាពច្បាស់លាស់ទៅតាមអាសយដ្ឋានដែលបានដាក់នៅលើកញ្ចប់បញ្ញើ ។

តាមរយៈកម្មវិធី app what3Words នៅលើទូរសព្ទវៃឆ្លាត អាចកំណត់ទីតាំងនៃអាសយដ្ឋានរបស់អ្នកទទួលបញ្ញើបានយ៉ាងជាក់លាក់ ដោយពុំមានការរំខានដោយការហៅទូរសព្ទដើម្បីសួរនាំរកទីតាំង ឬផ្លូវ ដូចគ្រាកន្លងទៅទៀតនោះឡើយ។ ពោលគឺ កម្មវិធីវៃឆ្លាតមួយនេះ អាចកំណត់ទីតាំងរបស់អ្នកទទួលបញ្ញើក្នុងរង្វង់៣ម៉ែត្រការ៉េ ។

ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ការដាក់បញ្ចូលប្រព័ន្ធអាសយដ្ឋានរបស់ what3words នឹងក្លាយជាការផ្លាស់ប្តូរសម្រាប់សេវាកម្មដឹកជញ្ជូន ដែលជួយបំពេញតម្រូវការ កំពុងមានកើនឡើងសម្រាប់ ពាណិជ្ជកម្មអេឡិចត្រូនិក និងអនុញ្ញាតឱ្យយើងអាចបម្រើអតិថិជន របស់យើងបានកាន់តែប្រសើរឡើងនៅគ្រប់ច្រកល្ហក ទូទាំងប្រទេស ។

ឯកឧត្តម គូសបញ្ជាក់ថា ការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា និងត្រឹមត្រូវគឺចាំបាច់ណាស់ សំរាប់ ប្រៃសណីយ៍កម្ពុជា ដោយបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជនដើម្បីកំណត់ទីតាំងចែកចាយឲ្យបានត្រឹមត្រូវ។

ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា អតិថិជននៃសេវាប្រៃសណីយ៍កម្ពុជាអាចទទួលបានការដឹកជញ្ជូនរបស់ពួកគេប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ក្រោយការចាប់ដៃគូជាមួយក្រុមហ៊ុនអង់គ្លេសមួយនេះ។ តំបន់ជនបទអាចផ្តល់ភាពលំបាកដល់ក្រុមហ៊ុនដឹកជញ្ជូន ប៉ុន្តែសម្រាប់កម្មវិធីដែលមានកិច្ចសហប្រតិបត្តិការគ្នានេះ នឹងលែងជាបញ្ហានៃសេវាបញ្ញើនេះទៀតហើយ។

ឯកឧត្តម គូសបញ្ជាក់បានបន្ថែមថា “យើងខ្ញុំនឹងបន្តការខិតខំប្រឹងប្រែងលើកកម្ពស់សេវាប្រៃសណីយ៍ក្នុងបរិបទនៃសេដ្ឋកិច្ច ឌីជីថល។ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ What3words មានសក្តានុពលក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនចែកចាយបញ្ញើ របស់ប្រៃសណីយ៍កម្ពុជា។ យើងពិតជារំភើបចំពោះសក្តានុពលទាំងឡាយដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ។”

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នេះជាវិធីធ្វើឱ្យប្រាកដថា អតិថិជននៃសេវាប្រៃសណីយ៍កម្ពុជាអាចទទួលបានការដឹកជញ្ជូនរបស់ពួកគេប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ខណៈកន្លងមកប្រជាពលរដ្ឋកម្ពុជាក៏ដូចជាឯកឧត្តមផ្ទាល់ ក៏ជួបបញ្ហាក្នុងការទាក់ទង ដើម្បីទទួលបាននូវបញ្ញើដែលផ្ញើពីប្រៃសណីយ៍កម្ពុជា ដោយសារពេលខ្លះ អាសយដ្ឋានមិនជាក់លាក់។

លោក គ្រីស ស្ហ៊ែលឌ្រីក (Chris Sheldrick) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន what3words បានលើកឡើងថា៖ ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងដំណើររបស់ what3words ដើម្បីក្លាយជាស្តង់ដារសកល សម្រាប់ទីតាំង។ ការធ្វើការងារជាមួយក្រុមប្រកបដោយភាពច្នៃប្រឌិតនៅប្រៃសណីយ៍កម្ពុជា បច្ចេកវិទ្យានេះនឹងត្រូវបាន ណែនាំទៅកាន់មនុស្សរាប់លាននាក់នៅទូទាំងប្រទេស ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាប្រៃសណីយ៍ បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការផ្លាស់ប្តូរបទពិសោធន៍របស់អតិថិជន។

សូមបញ្ជាក់ថា កម្មវិធី what3words អាចទាញយកដោយឥតគិតថ្លៃ សម្រាប់ប្រតិបត្តិការទូរសព្ទចល័តទាំង ioS និង Android ព្រមទាំងអាចប្រើប្រាស់នៅលើ online map នៃគេហទំព័រwhat3words.comផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner