ការទទួលបានបេក្ខភាពក្នុងការប្រកួតកម្មវិធីស្តង់ដាសាលាគំរូ និងពានរង្វាន់សាលាគំរូ របស់សាលាបឋមសិក្សាតាំងក្រសាំង នឹងក្លាយជាគំរូដល់សាលាដទៃទៀត ក្នុងស្រុកសន្ទុក
(កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងដោយក្តីរីករាយ ក្រោយបានទទួលដំណឹងថា សាលាបឋមសិក្សាតាំងក្រសាំង ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសជាបេក្ខភាពសម្រាប់ ការប្រកួតក្នុងកម្មវិធី “ស្តង់ដាសាលាគំរូ និងពានរង្វាន់សាលាគំរូ សម្ដេចមហាបវរធិបតី” ក្នុងឆ្នាំ សិក្សា ២០២៤-២០២៥ ដែលជាកិត្តិយស សម្រាប់មូលដ្ឋានស្រុកសន្ទុក នៃខេត្តកំពង់ធំ ។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបែបនេះ នៅក្នុងពិធី សំណេះសំណាល និងប្រគល់សម្ភារៈជូន សាលាបឋមសិក្សា តាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោកជំទាវទេសាភិបាល បានបង្ហាញាការជឿជាក់ថា សាលាបឋមសិក្សាតាំងក្រសាំង នឹងទទួលបានលទ្ធផលល្អ តាមរយះនៃកិច្ចខិតខំប្រឹងប្រែងរួម របស់គណៈគ្រប់
គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាណាព្យាបាល ក្នុងការអភិវឌ្ឍសាលា និងពង្រឹងលទ្ធផល សិក្សារបស់សិស្ស នឹង ជាប់ចំណាត់ថ្នាក់ជាសាលាគំរូ ក្នុងការប្រកួតប្រជែងសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ហើយក៏ក្លាយជាគំរូដល់សាលាបឋមសិក្សាដទៃទៀតក្នុងស្រុកសន្ទុក ។
ជាមួយនេះដែរ លោកជំទាវ បានបញ្ជាក់ថា នឹងបន្តជួយ និងគាំទ្រដល់សាលាបឋមសិក្សាតាំងក្រសាំងដូចជា៖ សម្ភារៈ ឧបករណ៍សិក្សាផ្សេងៗទៀត មានកុំព្យូទ័រសម្រាប់បន្ទប់, កុំព្យូទ័រសម្រាប់គ្រូបង្រៀន រៀបចំជួសជុលអគារសិក្សា ដែលពុំទាន់ស្របតាមស្ដង់ដាកំណត់ សាងសង់កន្លែងលាងដៃ និងរៀបចំទីលានកីឡាបាល់បោះ ជាដើមផងដែរ ។
លោកជំទាវបណ្ឌិត បានបន្តថា ដូចនេះ ដើម្បីសម្រេចបាន ជាសាលារៀនគំរូ និងជាប់ជាជ័យលាភី ដោយផ្អែកលើសូចនាករខាងលើ សាលារៀន ត្រូវប្រតិបត្តិ និងសម្រេចបាននូវស្តង់ដាធំៗ ចំនួន ៥ ដែលរួមមាន៖ ស្តង់ដា ទី១-លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២-ដំណើរការបង្រៀន និងការរៀន, ស្តង់ដាទី៣-ការ ចូលរួមរបស់សហគមន៍, ស្តង់ដាទី៤-ដំណើរប្រតិបត្តិការ និងរដ្ឋបាលរបស់សាលារៀន និងស្តង់ដាទី៥-គណនេយ្យភាពរបស់សាលារៀន ។
សូមបញ្ជាក់ថា ការប្រកួតប្រជែងនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការវាយតម្លៃ និងកំណត់ នូវសូចនាករទូទៅចំនួន ៤ ចំណុច ដើម្បីកំណត់សាលាគំរូ ដែលអាចទទួលបានជ័យលាភី រួមមាន ៖
១. ការលើកម្ពស់អភិបាលកិច្ចរបស់សាលារៀន, ២. ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទរបស់សិស្ស , ៣. ការយកចិត្តទុកដាក់ លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់ កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារតាមសាលា និង៤. ការជំរុញ និងលើកទឹកចិត្តការចូលរួម របស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ។
ចំពោះសម្ភារៈ និងឧបករណ៍ សិក្សាចាំបាច់ដែល លោកជំទាវបណ្ឌិត ជា សិរី នាំយកទៅប្រគល់ជូន ដល់សាលាបឋមសិក្សាតាំងក្រសាំង រួមមាន ៖ សៀវភៅរឿងសម្រាប់កុមារ , កង្ហារភ្ជាប់នឹងជញ្ជាំង ,អំពូលភ្លើង, ឧបករណ៍បញ្ចាំងស្លាយ (Projector) , កង និងសំណាញ់បាល់បោះ ,ស្គរតន្ត្រី ,ព្យាណូ ,ហ្គីតា , ក្ដារចុចភ្លេងដោយប្រើខ្យល់ផ្លុំ និង សម្ភារ និងថ្នាំពេទ្យសម្រាប់សង្គ្រោះបឋម ៥ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត