ក្រោយបញ្ចប់ការរៀបចំពិធីបុណ្យអុំទូក រដ្ឋបាលខេត្តសៀមរាប មានព្រឹត្តិការណ៍សំខាន់ៗចំនួន៩ផ្សេងទៀតសម្រាប់បង្កការសប្បាយរីករាយ និងទាក់ទាញ់វិស័យទេសចរណ៍
(សៀមរាប)៖មន្រ្តីជាន់ខ្ពស់ ខេត្ត សៀមរាប បានថ្លែងថាក្រៅអំពីការរៀបចំនូវព្រឹត្តិការណ៍ដ៏ធំ នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៤ និងក្រោយបញ្ចប់ពីធីបុណ្យអុំទូកទៅ រដ្ឋបាលខេត្តសៀមរាប បានកំពុងត្រៀម រៀបចំព្រឹត្តិការណ៍សំខាន់ៗចំនួន៩ផ្សេងទៀតសំដៅធ្វើយ៉ាងទាក់ទាញវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យកាន់តែទូលំទូលាយទាំងជាតិ និងក៏ដូចជាលើឆាកអន្តរជាតិ។
ក្នុងការផ្តល់បទសំភាសន៍ជាមួយទូរទស្សន៍អប្សរា លោក សុខ ថុល អភិបាលរង ខេត្ត សៀមរាបបានថ្លែងឱ្យដឹងថាខេត្តសៀមរាបគឺជាតំបន់សក្តានុពលដ៏ធំលើវិស័យទេសចរណ៍ និងល្បីរន្ទីរលើឆាកអន្តរជាតិ ម្ល៉ោះហើយរដ្ឋបាលខេត្តតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំពិធីធំៗជាបន្តបន្ទាប់សំដៅធ្វើយ៉ាងណាទាក់ទាញវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ និងពិសេសភ្ញៀវបរទេសចាប់អារម្មណ៍ចូលមកកម្សាន្ត។
លោកបានថ្លែងថា៖ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះរដ្ឋបាលខេត្តនឹងរៀបចំពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៤។មុនឈានមកដល់ថ្ងៃប្រណាំងទូកទី១៤ខែវិច្ឆិកា ដែលជាថ្ងៃ ពិធីចាប់ផ្តើម រដ្ឋបាលខេត្ត បានរៀបចំ រួចរាល់អស់ហើយ សំដៅធ្វើយ៉ាងណាឱ្យដល់ថ្ងៃការប្រកួតប្រព្រឹត្តិទៅរលូនល្អនិងទទួលបានយ៉ាងជោគជ័យ។
បើតាមលោកអភិបាលរងយខេត្ត សៀមរាប រូបនេះបានឱ្យដឹងដែរថា៖ខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាហូរហែ ដែលក្នុងគោលដៅសំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរចូលកម្សាន្តតំបន់ទេសចរណ៍មួយនេះល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ជាមួយគ្នាដូចជាក្នុងពិធីបុណ្យអុំទូកនាឆ្នាំនេះ រដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាំងតែពីចម្ងាយមក ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានចូលរួម ហើយពិធីនឹងកាន់តែអធិកអធម្មថែមទៀត។
លោកថា ក្រៅពីរៀបចំកម្មពិធីបុណ្យអុំទូកហើយ រដ្ឋបាលខេត្តក៏បានរៀបចំទីកន្លែងកម្សាន្តនានាជាច្រើនដូចជាការប្រគុំតន្រ្តី ជិះទូក កម្សាន្ត កម្មវិធីផ្សារទឹក កម្មវិធីពិព័ណ៌ម្ហូបអាហារ លេងល្បែងកម្សាន្តផ្សេងៗជាច្រើនអមទៅដោយការតុបតែងលំអរដោយភ្លើងចម្រុះពណ៌នៅតាមដងស្ទឹង និងតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបជាដើម ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សាវប្បធម៌ដូនតា ឱ្យបានគង់វង្សស្ថិតស្ថេរ និងក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកកម្សាន្ត។
លោក សុខ ថុល អភិបាលរង ខេត្ត សៀមរាប បានថ្លែងឱ្យដឹងដែរថាក្នុងគោលបំណងឱ្យពលរដ្ឋអាចមកលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យអុំទូកនៅខេត្តសៀមរាបឆ្នាំនេះដែរ រដ្ឋបាលខេត្តក៏បានរៀបចំសម្រួលចរាចរណ៍ និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យដំណើរការនៃការរៀបចំកម្មវិធីទាំងអស់ ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសប្បាយរីករាយ។ក្រៅពីនេះចំពោះការថែរក្សាអនាម័យបរិស្ថានក៏បានយកចិត្តទុកដាក់ខ្ពស់ដូចគ្នា។
លោកសុខថុលបានគូសបញ្ជាក់ថាដែរថាក្រោយបញ្ចប់ពិធីបុណ្យអុំទុកទៅរដ្ឋបាលខេត្តនឹងរៀបចំនូវព្រឹត្តិការណ៍សំខាន់ចំនួន៩ផ្សេងទៀតក្នុងនេះដូចជា៖ការៀបចំរត់ប្រណាំពាក់កណ្តលម៉ារាតុងអន្តរជាតិ នៅថ្ងៃទី១ខែធ្នូ ការរៀបចំពិព័ណ៌ផលិតផលក្នុងស្រុក កម្មវិធីបង្ហាញក្បាច់គុណខ្មែរជ្រើសរើសជើងឯកពិភពលោក កម្មវិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ កម្មវិធីបុណ្យបង្ហោះខ្លែងឯកខ្មែរ កម្មវិធីបង្គំតន្រីអបអរសាទរឆ្លងឆ្នាំថ្មី ជាដើម។
លោកអភិបាលរងខេត្តសៀមរាបបានឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្ត តែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការៀបចំ ពិធីធំៗដែលមិនត្រឹមតែជាការបង្ហាញនូវការលើកតម្កើងវប្បធម៌ប្រពៃណីខ្មែរទេ តែវាក៏ជាយុទ្ធសាស្រ្តក្នុងការពង្រឹង និងទាក់ទាញវិស័យទេសចរណ៍កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ និងទទួលស្គាល់ជាទូទៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថាបើយោងតាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា៖ក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៤នេះ មានទូកដែលបានដាក់ពាក្យប្រកួត ចំនួន៣០ទូក ទូកនារីមាន ៣ទូក មានការថយចុះ ជាងឆ្នាំ២០២៣ ចំនួន៣ទូក ។ ក្នុងនោះដែរគណៈកម្មការបច្ចេកទេស ក៏បានរៀបចំទូកចំនួន ៦ទូក សម្រាប់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង រដ្ឋបាលក្រុង ស្រុក ចូលរួមប្រកួតបើកការប្រកួតថ្ងៃដំបូងផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ និង លោក ចាន់ វិចិត្រ