ព្រឹទ្ធសភា អនុម័ត និងឱ្យយោបល់ឯកភាពទាំងស្រុង លើរបៀបវារៈចំនួន៣

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥
នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប ហើយបានអនុម័ត និងឱ្យយោបល់ឯកភាពទាំងស្រុង លើរបៀបវារៈចំនួន៣ ។

របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។ គោលបំណងនៃការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺដោយផ្អែកលើសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឈានដល់ការសម្រេចគោលដៅជាតិរបស់ខ្លួន ហើយជឿជាក់ថា ប្រទេសនីមួយៗ មានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងប្រទេសរៀងៗខ្លួន និងការវាយតម្លៃយ៉ាងច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងការបរទេស បានជូនដំណឹងជាផ្លូវការ ស្តីពីការដកខ្លួនរបស់កម្ពុជាចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងបី ស្តីពីគោលនយោបាយអនុគ្រោះ ជាពិសេសសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជាហេតុនាំឱ្យកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ត្រូវបាត់បង់សុពលភាពតាមអនុស្សរណៈគោលផងដែរ ។

ឆ្លងតាមការពិនិត្យសិក្សាទៅលើទិដ្ឋភាពជារួមនៃសេចក្តីព្រាងច្បាប់នេះ និងការពិចារណាគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងតម្រូវការ និងគោលបំណងដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដែលបានដកខ្លួនចេញពីអនុស្សរណៈ ក៏ដូចជាការធ្វើឱ្យបាត់បង់សុពលភាពនៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ព្រឹទ្ធសភា បានស្នើរដ្ឋសភា កែសម្រួលចំណងជើង និងខ្លឹមសារមាត្រា១ មាត្រា២ និងមាត្រា៣ នៃសេចក្តីព្រាងច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន២រូប បានឡើងមានយោបល់រួចមក លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ដែលស្នើកែសម្រួលខាងលើនេះ អង្គប្រជុំព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកជាការប្រញាប់។

របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃកិច្ចព្រមព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្តបរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោម-ភាពដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់បរិយាកាសអំណោយផលដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទាញការវិនិយោគលើឧស្សាហកម្មផលិត និងដំឡើងយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ហើយជួយកាត់បន្ថយចំណាយថ្លៃដើមលើការអភិវឌ្ឍ ការផលិត និងដំណើរការស្នើសុំលិខិតបញ្ជាក់អនុលោមភាព ព្រមទាំងអាចនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដោយមិនមានរបាំងបច្ចេកទេសជាមួយនឹងយានយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ សន្សំសំចៃថាមពល និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៣រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
របៀបវារៈទី៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកខ្វក់ ។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កន្លងមករាជរដ្ឋាភិបាលបានកំណត់បញ្ហាទឹកស្អាត និងអនាម័យ ជាបញ្ហាអទិភាព ។ ដើម្បីសម្រេចឱ្យបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានកំណត់ទិសដៅ ហើយប្តេជ្ញាដាក់ចេញនូវវិធានការ ដើម្បីទប់ស្កាត់ការបង្ហូរទឹកកខ្វក់ ដែលមិនទាន់ធ្វើប្រព្រឹត្តកម្ម ឬបានធ្វើប្រព្រឹត្តកម្ម ប៉ុន្តែមិនទាន់បានត្រឹមត្រូវល្អ ហើយបង្ហូរចូលក្នុងតំបន់ទឹកសាធារណៈ ជាអាទិ៍៖ សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យសម្រេច បាន៥០% ត្រឹមឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ១៦ជំពូក និង១១៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន២រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner