ទិដ្ឋភាព នៅរាជធានីភ្នំពេញ ដ៏ស្រស់បំព្រង និងមានការរៀបចំយ៉ាងស្អាតមានសោភ័ណភាពសម្រាប់ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ ទិដ្ឋភាពនៅរាជធានីភ្នំពេញដ៏ស្រស់បំព្រង និងមានការរៀបចំយ៉ាងស្អាត មានសោភ័ណភាពគួរឱ្យគយគន់សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីទទួលអំណរព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ ១៦វិច្ឆិកានេះ។
ការរៀបចំកែលម្អសោភណ្ឌភាព បរិស្ថានទីក្រុង ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឱកាសព្រះរាជពិធីបុណ្យ ត្រូវបានពង្រឹងនិងរៀបចំយ៉ាងស្រស់ស្អាតរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុទូកខាងមុខនេះ ។
ការរៀបចំកែលម្អសោភណ្ឌភាពទីក្រុងនាពេលនេះ គឺជាការរួមចំណែករក្សាប្រពៃណីទំនៀមទំលាប់ជាតិដែលមានយូលុងមកហើយ។ ម៉្យាងទៀតក៏ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តនៅរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងលើឆាកជាតិ និងអន្តរជាតិដោយចាត់ទុកជាទីក្រុងស៊ីវិល័យមួយនៅអាស៊ីអាគ្នេយ៍ក្នុងសុខសន្តិភាពដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញ និងសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។
កន្លងមក ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញ ធ្វើការជួសជុលតុបតែង កែលម្អ ជួសជុលក្រានីត ការ៉ូឡា សួនច្បារ សាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកនិងពង្រាយ បង្គន់អនាម័យចល័ត ព្រមទាំងការងារផ្សេងៗទៀត ហើយបើគិតមកដល់ពេលនេះ ការងារខាងលើ អនុវត្តសម្រេចបាន ១០០ភាគរយហើយ ។ លាបថ្នាំតាមច្រាំងទន្លេ (មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយ លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និងហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ (ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ) ការដាក់ ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ជាមួយការត្រៀមកម្លាំង សម្រាប់ បោសសំអាតសួនច្បាររយ:ពេល ៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤ គឺសុទ្ធតែបានត្រៀមរួចរាល់ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ