រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយជាទឹកបរិសុទ្ធ និងទឹកក្រូច ដើម្បីចែកជូនដល់កងកម្លាំង គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ ទឹកបរិសុទ្ធនិងទឹកក្រូចចំនួន ៤០០០កេសត្រូវបានលោកអ្នកឧកញ៉ា លាង ម៉េង ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ។
ពិធីប្រគល់និងទទួលបានធ្វើឡើងនារសៀលនាថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្រោមវត្តមានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា លាង ម៉េង តំណាងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ដែលបានឧបត្ថម្ភ ទឹកពិសាកម្ពុជា ចំនួន ៣,០០០កេសនិងទឹកក្រូច IZE ចំនួន ១,០០០កេស
ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
ឯកឧត្ដមបន្តថា ៖ តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និងការគិតគូរជូនដល់មន្ត្រីរាជការ និង កងកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ