ព្រែកជីកប៉ាណាម៉ាចាប់ផ្ដើមមានសន្ទុះកប៉ាល់ដឹកទំនិញឡើងវិញ ក្រោយជួបគ្រោះរាំងស្ងួត

បរទេស ៖ ព្រែកជីកប៉ាណាម៉ា ត្រូវបានសារព័ត៌មាន CNBC រាយការណ៍ថា បានមើលឃើញការដឹកជញ្ជូនទំនិញតាមកប៉ាល់ស្ទុះងើបឡើងវិញយ៉ាងគំហុក បន្ទាប់ពីព្រែកជីកសិប្បនិម្មិតដ៏សំខាន់ ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិកនេះ ជួបគ្រោះរាំងស្ងួតមិនធ្លាប់មានអស់រយៈពេលពីរឆ្នាំ ដោយសារប្រព័ន្ធអាកាសធាតុ El Nino។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

អ្នកគ្រប់គ្រងព្រែកជីកប៉ាណាម៉ា លោក Ricaurte Vásquez បានប្រាប់សារព័ត៌មាន CNBC ថា ព្រែកជីកប៉ាណាម៉ាបានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់ទឹក និងកែលម្អការព្យាករណ៍ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងស្ដារភាពប្រាកដប្រជា និងភាពជឿជាក់ឡើងវិញ។

ព្រែកជីកប៉ាណាម៉ាបានកសាងឡើងតាំងពីឆ្នាំ១៩០៤ និងបានដំណើរការតាំងពីឆ្នាំ១៩១៤។ ព្រែកជីកនេះបានជួបគ្រោះរាំងស្ងួតប្រចាំឆ្នាំបំផុតក្នុងប្រវត្តិសាស្រ្តជាលើកទី៣ ដោយបានកាត់បន្ថយបរិមាណទឹករបស់ព្រែក ដែលអាចឱ្យដំណើរការការដឹកជញ្ជូន ហើយបង្ខំឱ្យអាជ្ញាធរព្រែកកាត់បន្ថយចំនួននាវាឆ្លងកាត់ប្រចាំថ្ងៃចន្លោះពីចុងឆ្នាំ ២០២៣ ដល់ដើមឆ្នាំ ២០២៤។

ព្រែកជីកប៉ាណាម៉ាជាផ្លូវដឹកជញ្ជូនទំនិញ ៤២៣លានតោន ដោយទទួលនាវា ២៧,៣នាវាជាមធ្យមក្នុងមួយថ្ងៃ ថយចុះពី ៣៦គ្រឿងជាមធ្យមក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ការចំណាយលើប្រតិបត្តិការព្រែកជីក ត្រូវបានកាត់បន្ថយ ៥ ភាគរយ ដែលជួយសម្រួលបន្ទុកដល់បញ្ហាហិរញ្ញវត្ថុដោយគ្រោះរាំងស្ងួត។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។

ផ្អែកតាមប្រភពរបស់សារព័ត៌មាន AFP បានឱ្យដឹងថា បាតុភូត El Nino កាលពីឆ្នាំ២០២៣ ក៏បានបណ្តាលឲ្យព្រែកជីកប៉ាណាម៉ាជួបគ្រោះរាំងស្ងួត កាត់បន្ថយចំនួននាវាដឹកជញ្ជូនឆ្លងកាត់ជារៀងរាល់ថ្ងៃ ក៏ដូចជា កំណត់ចំនួនកប៉ាល់ដែលធ្វើនាវាចរណ៍។ នៅឆ្នាំ២០២៣ ទំនិញចំនួន៥១១លានតោនបានឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលបានបង្កើតប្រាក់ចំណូលសរុបចំនួន ៣.៣៤ពាន់លានដុល្លារ៕

ប្រភព៖ CNBC, Reuters និង AFP ប្រែសម្រួលដោយ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner