ឆ្នាំក្រោយ ឥណ្ឌូណេស៊ីចង់ក្លាយជាប្រទេសផលិតប្រេងដូងធំបំផុតលើលោក
ហ្សាការតា ៖ ក្រសួងកសិកម្មបានប្រកាសថ្មីៗនេះថា ឥណ្ឌូណេស៊ីបានកំណត់គោលដៅក្លាយជាប្រទេសផលិតប្រេងដូងធំបំផុតរបស់ពិភពលោកនៅឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam News។
អនុរដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី លោក Sudaryono បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបានកំណត់គោលដៅក្លាយជាប្រទេសមានសមត្ថភាពអាចកំណត់តម្លៃប្រេងដូងកសល ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី ANTARA។
លោក Sudaryono បន្តថា ដើម្បីសម្រេចបានគោលដៅនេះ លោកបានជំរុញឱ្យកសិករ និងសហគ្រិនប្រេងដូង ចាត់ទុកចម្ការដូងប្រេងរបស់ឥណ្ឌូណេស៊ី ជាតំបន់កសិកម្មអាទិភាពខ្ពស់ ដែលទាមទារការយកចិត្តទុកដាក់ជាពិសេស ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។
លោក Sudaryono បន្ថែមថា ឥណ្ឌូណេស៊ីមានបច្ចេកវិទ្យាទំនើបដែលត្រូវការរួចហើយ ក្នុងការផលិតគ្រាប់ដូងប្រេងដែលមានគុណភាពខ្ពស់ ដើម្បីលក់ចេញទៅលើទីផ្សារអន្តរជាតិ។
លោកថា ឥណ្ឌូណេស៊ីអាចវាយតម្លៃភាពសមស្របនៃគ្រាប់ពូជសម្រាប់ដាំ មុនពេលវាចេញជាពន្លក ដែលនេះជាកត្តាដ៏សំខាន់ ក្នុងការកំណត់ស្តង់ដារ សម្រាប់គ្រាប់ពូជដូងប្រេងឥណ្ឌូណេស៊ី។
អនុរដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលបានគណនាយ៉ាងយកចិត្តទុកដាក់បំផុត ថាតើប្រេងដូងប៉ុន្មានដែលត្រូវនាំចេញ និងចំនួនប៉ុន្មានដែលត្រូវបែងចែកសម្រាប់ការប្រើប្រាស់ក្នុងស្រុក ដើម្បីអាចធានាបានថា ទំនិញទាំងនោះនឹងចូលរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី៕
ប្រភព៖ Vietnam News ប្រែសម្រួល ៖ ឈឹម ទីណា