ត្រីមាសទី៣ឆ្នាំនេះ Singapore Airlines ខាតជិត ៦០ភាគរយ

សិង្ហបុរី ៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ថ្មីៗនេះបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធដល់ទៅ ៥៩% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ពោលគឺចាប់ពីខែកក្កដា ដល់ខែកញ្ញា មកនៅត្រឹមប្រហែល ២១៦លានដុល្លារ ចំពេលមានការប្រកួតប្រជែងខ្លាំង និងការចំណាយកើនឡើង។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុថា ទិដ្ឋភាពប្រតិបត្តិការនឹងបន្តមានការប្រកួតប្រជែងកាន់តែខ្លាំង។ ដូច្នេះហើយក្រុមហ៊ុនចាំបាច់ត្រូវតែចំណាត់ការឲ្យបានឆាប់រហ័ស ជាមួយនឹងការកែសម្រួលបណ្តាញអ្នកដំណើរ និងសមត្ថភាពដឹកជញ្ជូនរបស់ខ្លួន ដើម្បីផ្គូផ្គងតាមតម្រូវការដែលកំពុងវិវត្ត។

គិតមកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានប្រតិបត្តិការយន្តហោះសរុបចំនួន ២០៥គ្រឿង ក្នុងនោះមានយន្តហោះប្រភេទ Boeing 787-10 ចំនួន ៤គ្រឿងដែលត្រូវបានបន្ថែម ក្នុងអំឡុងត្រីមាសទី៣ ពោលគឺពីខែកក្កដា ដល់ខែកញ្ញា។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីក៏បានពង្រីកជើងហោះហើរទៅកាន់គោលដៅពេញនិយមផ្សេងៗ មានដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញរបស់វៀតណាម, ទីក្រុងចូហានណេសប៊ឺក របស់អាហ្វ្រិកខាងត្បូង, ទីក្រុងមែលប៊ន របស់អូស្រ្តាលី, កោះភូកេត របស់ថៃ និងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner