ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធត្រីភាគីលើកទី២ នៅសមុទ្រចិនខាងកើត

តូក្យូ ៖ កងកម្លាំងស្វ័យការពារជប៉ុន ព្រមទាំងយោធាអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធត្រីភាគីរបស់ពួកគេនៅសមុទ្រចិនខាងកើត។

ក្រសួងការពារជាតិជប៉ុននិយាយថា សមយុទ្ធត្រីភាគីនេះ មានឈ្មោះថា Freedom Edge បានចាប់ផ្តើមដំណើរការកាលពីថ្ងៃពុធទី១៣ ខែវិច្ឆិកា ដែលនេះជាលើកទីពីរហើយ បន្ទាប់ពីលើកដំបូងធ្វើឡើងកាលពីខែខែមិថុនាឆ្នាំនេះ។

នាវាចម្បាំងចំនួន៧គ្រឿងមកពីប្រទេសទាំងបី រួមទាំងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់កងទ័ពជើងទឹកអាមេរិក USS George Washington នឹងចូលរួមក្នុងសមយុទ្ធនេះ ក៏ដូចជាយន្តហោះចម្បាំងបំបាំងកាយ និងយន្តហោះល្បាត។

សមយុទ្ធនេះនឹងគ្របដណ្តប់ទាំងការការពារដែនអាកាស ការការពារមីស៊ីលផ្លោង និងសង្គ្រាមប្រឆាំងនាវាមុជទឹក។

ក្រសួងការពារជាតិជប៉ុនបន្ថែមថា សមយុទ្ធនេះទៀតសោត មានគោលបំណងលើកកម្ពស់អន្តរប្រតិបត្តិការរបស់កងកម្លាំងជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ដើម្បីសន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងឧបទ្វីបកូរ៉េផងដែរ។

ការហាត់ហ្វឹកហ្វឺននេះក៏ត្រូវបានអ្នកវិភាគមើញឃើញដែរថា ប្រទេសទាំងបីចង់បង្ហាញពីភាពជាដៃគូរបស់ពួកគេ ចំពេលដែលកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀត ហើយចិនអះអាងវត្តមានរបស់ខ្លួននៅក្នុងតំបន់។

យ៉ាងណាមិញ ក្នុងពេលធ្វើសមយុទ្ធ Freedom Edge កាលពីខែមិថុនា កូរ៉េខាងជើងធ្លាប់បានព្រមានថា សកម្មភាពបង្កហេតុបែបនេះ អាចមានផលវិបាកធ្ងន់ធ្ងរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner