Rolls-Royce សង្ងំកើបលុយនៅរុស្ស៊ី

ឡុងដ៍ ៖ សារព័ត៌មាន Auto Mail បានរាយការណ៍ថ្មីៗនេះថា ការលក់ឡាន Rolls-Royce នៅទីផ្សារប្រទេសរុស្ស៊ី បានកើនឡើង ៣៩% ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការកើនឡើងនៃការលក់ម៉ាករថយន្តប្រណិតរបស់អង់គ្លេសកើតឡើង បើទោះបីជាលោកខាងលិចព្យាយាមបិទផ្លូវនាំចូលទំនិញលំដាប់ខ្ពស់ទៅកាន់ប្រទេសរុស្ស៊ីក៏ដោយ។

ជនជាតិរុស្ស៊ីបានទិញឡាន Rolls-Royce សរុបចំនួន ៩៩គ្រឿងនៅចន្លោះខែមករា និងខែកញ្ញា ដោយឡានម៉ាក Cullinan SUV បានក្លាយជាម៉ូដែលពេញនិយមបំផុតរបស់ Rolls-Royce។

យោងតាមស្ថិតិចុះបញ្ជីរថយន្តបានឱ្យដឹងថា ការលក់ឡានប្រណិត ដែល មាន តម្លៃ ជាង ១លាន ដុល្លារ បាន កើនឡើង ២៧% បន្ទាប់ពីឡានម៉ាក Cullinan SUV ចំនួន ៥៩គ្រឿង ត្រូវ បាន ក្រុមអភិជននៅរុស្ស៊ី ទិញ ។

ឡានប្រណិតទីពីរ ដែលស្ថិតក្នុងបញ្ជីរថយន្តពេញ និយម បំផុត ក្នុង ចំណោម មហាសេដ្ឋី រុស្ស៊ី គឺគឺរថយន្តប្រណិតម៉ាក Rolls-Royce Spectre ដែលជាឡានម៉ូដែលប្រើអគ្គិសនីដំបូងគេរបស់ក្រុមហ៊ុន។

រថយន្តប្រភេទនេះសរុបចំនួន ២២គ្រឿងដែលមានតម្លៃជាមធ្យមប្រហែល ៩០០,០០០ដុល្លារត្រូវបានលក់នៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ ពោលគឺភ្លាមៗបន្ទាប់ពីឡានម៉ូដែលនេះ បានបង្ហាញខ្លួននៅលើទីផ្សារ។

រថយន្ត Rolls-Royce Ghost ដែលមានតម្លៃប្រហែល ៦០០,០០០ដុល្លារ ត្រូវបានជាប់ចំណាត់ថ្នាក់ជាម៉ូដែលពេញនិយមបំផុតទីបីរបស់ក្រុមហ៊ុន Rolls-Royce នៅក្នុងទីផ្សារប្រទេសរុស្ស៊ី ជាមួយនឹងរថយន្តចំនួន ១២គ្រឿងដែលបានលក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍។

យោងតាមស្ថិតិដែលប្រមូលបានដោយស្ថាប័ន Trade Data Monitor និងចែករំលែកដោយ សារព័ត៌មាន Financial Times នៅដើមឆ្នាំនេះ បានបង្ហាញថា ការនាំចេញរថយន្តរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ក៏បានកើនឡើងផងដែរ បន្ទាប់ពីលោកខាងលិចបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងឆ្នាំ ២០២២ ដែលឈានដល់ ២៦៨លានដុល្លារនៅដើមឆ្នាំ ២០២៤៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner