ប្រមុខការទូតអាមេរិក ៖ សង្រ្គាមហ្គាហ្សាដល់ពេលបញ្ចប់ហើយ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលបានសងសឹកគ្រប់គ្រាន់ហើយចំពោះក្រុមហាម៉ាស ហើយឥឡូវនេះគួរតែបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។

លោក Blinken បានប្រាប់អ្នកកាសែតនៅទីក្រុងប្រ៊ុចសែលថា អ៊ីស្រាអែលបាននិយាយថា ខ្លួនចាំបាច់ត្រូវរុះរើអង្គការយោធានៃក្រុមហាម៉ាស និងឱ្យពួកគេទទួលខុសត្រូវលើការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។

លោក Blinken បន្តថា អ៊ីស្រាអែលបានធ្វើរឿងទាំងពីរនេះរួចរាល់ហើយ ដូច្នេះឥឡូវនេះ គួរតែ ជា ពេលវេលា ដើម្បី បញ្ចប់ សង្គ្រាម ។ ការអះអាងបែបនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីលោកជួប ជាមួយ រដ្ឋមន្ត្រី កិច្ចការ យុទ្ធសាស្ត្រ អ៊ីស្រាអែល លោក Ron Dermer។

ដោយឡែក កាលពីសប្តាហ៍មុន កាតាក៏បានបញ្ជាក់ដែរថា ខ្លួន បាន ផ្អាក ការ សម្រុះសម្រួល ដែល គាំទ្រ ដោយ អាមេរិក រវាង ក្រុម ហាម៉ាស និង អ៊ីស្រាអែល។ ក្រសួងការបរទេសកាតនិយាយ ថា ទីក្រុង ដូហា មិនមានឆន្ទៈចូលរួមទៀតទេ លុះត្រាតែភាគីពាក់ព័ន្ធបង្ហាញ ឆន្ទៈ និងភាពអត់ធ្មត់ របស់ ពួកគេ ក្នុងក្នុងការបញ្ចប់សង្គ្រាមដ៏ឃោរឃៅនេះ។

អ៊ីស្រាអែលបានឡោមព័ទ្ធតំបន់ប៉ាឡេស្ទីនក្នុងខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅទីនោះ បានបើកការលុកលុយចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៥០នាក់។

ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា និងការឈ្លានពានដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) យ៉ាងហោចណាស់មនុស្ស ៤៣,០០០នាក់ត្រូវបានសម្លាប់។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានរាយការណ៍កាលពីសប្តាហ៍មុនថា ស្ទើរតែ៧នាក់ ក្នុងចំណោម១០នាក់ដែលបានស្លាប់ គឺជាស្ត្រី និងកុមារ។

យុទ្ធនាការហ្គាហ្សារបស់អ៊ីស្រាអែល ក៏បាននាំទៅដល់ប្រតិបត្តិការយោធាបច្ចុប្បន្ន ឮនៅក្នុងប្រទេសលីបង់ផងដែរ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Hezbollah។ ក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់នៅក្នុងជម្លោះនៅលីបង់ បានកើនឡើងដល់ ៣,២៨៧នាក់ ចាប់តាំងពីខែតុលាឆ្នាំមុន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner