ឃើញរូបភាពគួរឱ្យកោតសរសើរ ,សកម្មភាពជួសជុលស្ពានហាល​ខាងកើតនៃប្រាសាទបេងមាលា

ភ្នំពេញ៖ដំណើរការជួសជុលស្ពានហាលខាងកើតនៃប្រាសាទ​បេង​មាលា ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេល​ជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរ​ឡើងវិញជាជំហានៗ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងកាលពីថ្ងៃពុធទី១៣ ខែវិច្ឆិកា ម្សិលមិល​ថា ក្រុមការងារជំនាញបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។
ស្ពានហាលខាងកើត​​ប្រាសាទបេងមាលា ដែលរងការខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំងតែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។

បើតាមអ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរ​ជាតិ​អប្សរាដែលចូលរួមក្នុងសកម្មភាពជួសជុលនេះបានឱ្យដឹងថា ជំហានដំបូងក្រុមការងារបាន​ចាប់ផ្ដើមជួសជុល​នៅផ្នែក​ខាងជើងនៃ​ស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគនៅទិសខាងកើត។ ក្រុម​ការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយ​ក្រៀម​ថ្មីដែលពុកផុយ។ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរសងខាងស្ពានហាល និងតភ្ជាប់​បំណែកក្បាលនាគដែលបែកជាបីបំណែក​នៅតាម​ទីតាំង​ដើម​បានមួយចំហៀង គឺនៅសល់តែផ្នែកខាងត្បូងមួយចំហៀងទៀត​ប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា ការងារជួសជុលស្ពានហាលនៅផ្នែកខាង​ជើង​នៃស្ពាន​ហាល សម្រេចបានប្រមាណជាង៤០ភាគរយ ហើយបច្ចុប្បន្ន ក្រុម​ការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលដោយយកចិត្តទុកដាក់ ដើម្បីឱ្យការងារប្រព្រឹតិ្តទៅដោយរលូន និងត្រូវតាមលំនាំ​ដើមបុរាណ​ឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏មានសេចក្តីត្រេក​អរចំពោះ​ការងារជួសជុលនេះដែរ ដោយហេតុថា ក្រុមការងារ​បានរកឃើញ​ថ្មនៃរចនាសម្ព័ន្ធរបស់ស្ពានហាលនេះស្ទើរតែពេញលេញទាំងមូលឡើងវិញ។ រីឯ ថ្មភក់មួយចំនួនដែលបាក់បែក ខូច​ខាត ក្រុមការងារបាន​ជួសជុលពង្រឹង និងអាចយកទៅរៀបផ្គុំទៅទីតាំងដើម។

អាជ្ញាធរជាតិអប្សរាក៏មានផែនការ បន្ទាប់ពីបញ្ចប់ការជួសជុល​នៅផ្នែកខាងជើងរួច ក្រុមការងារនឹងចាប់ផ្ដើមផ្នែកខាងត្បូងជា​បន្ត​ទៀត។

សូមជម្រាបថា ប្រាសាទបេងមាលា មានលក្ខណៈស្រដៀងនឹង​ប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ហើយត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេព​ក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម ប្រាសាទនេះកសាងឡើងដើម្បី​ឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់​គីឡូម៉ែត្រ​ខណ្ឌទីតាំងប្រាសាទ ឱ្យក្លាយជាកោះមួយនោះ​ដូចេ្នះប្រាសាទ​បេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ៕
ដោយ៖មុនី
រូបថត៖អាជ្ញាធរជាតិអប្សរា

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner