ប្រាសាទអង្គរវត្តព្រឹកថ្ងៃដំបូងនៃពិធីបុណ្យអុំទូក កកកុញទៅដោយទេសចរចម្រុះជាតិសាសន៍
ភ្នំពេញ៖តាមរយៈរូបភាពជាច្រើនសន្លឹកអាជ្ញាធរជាតិអប្សរាបានបង្ហោះសារថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាប្រាសាទអង្គរវត្ត ដែលជាថ្ងៃទីមួយក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។អាជ្ញាធរជាតិអប្សរា បន្តថា រមណីយដ្ឋានអង្គរសូមស្វាគមន៍ទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទី អញ្ជើញមកកម្សាន្តក្នុងឱកាសនៃពិធីបុណ្យអុំទូក។ សូមការធ្វើដំណើរកម្សាន្តប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។
សូមជម្រាបថា រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង៣២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែតុលា បញ្ជាក់ថារយៈពេល ៩ខែមកនេះ ភ្ញៀវទេសចរចំនួន៦៩៩ ៨៥០នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ គឺកើន៣០ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។
សូមជម្រាបថា នៅដើមឆ្នាំ២០២៥ខាងមុខ គ្រឹះស្ថានអង្គរអាចនឹងប្តូរការលក់សំបុត្រ មិនលក់សម្រាប់រយៈពេល ១ថ្ងៃ, ៣ថ្ងៃ និង៧ថ្ងៃទៀតទេ នឹងលក់តាមក្រុមប្រាសាទវិញ ដោយញែកប្រាសាទជា ១៧ក្រុម និងធ្វើចំណាត់ថ្នាក់ (A B C D…) កំណត់តម្លៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរ ដែលចង់ទស្សនាប្រាសាទណាដោយចំណាយតែប្រាសាទ ដែលគាត់ចង់មើល ហើយការកែប្រែនឹងក៏ងាយស្រួលក្នុងការគ្រប់គ្រងលំហូរភ្ញៀវទេសចរទៅ តាមប្រាសាទផងដែរ៕
ដោយ៖មុនី
រូបថត៖អាជ្ញាធរជាតិអប្សរា