ហ្វីលីពីនប្រកាសអាសន្នកម្រិតដ៏ខ្ពស់ ខណៈព្យុះទីហ្វុង Usagi ខិតជិតមកដល់
បរទេស៖ ប្រទេសហ្វីលីពីនបានបង្កើនការប្រកាសអាសន្នព្យុះខ្ពស់បំផុតរបស់ខ្លួន និងបានជម្លៀសមនុស្សរាប់ពាន់នាក់ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកានេះ ខណៈដែលព្យុះទីហ្វុង Usagi បានបក់បោកឆ្ពោះ ទៅភាគខាងជើង ដែលបានបំផ្លិចបំផ្លាញដ៏គ្រោះមហន្តរាយ រួចទៅហើយ។
ដោយមានកម្លាំងខ្យល់បក់រហូតដល់ ១៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះ Usagi គ្រោងនឹងបក់បោកទៅលើកោះសំខាន់នៃ Luzon នៅពេលរសៀល ម៉ោងក្នុងស្រុក ដែលជាព្យុះទី៥ ដែលគំរាមកំហែងប្រទេសនេះ ក្នុងរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ។ រលកដ៏ឃោរឃៅនៃបញ្ហាព្យុះនេះ បានសម្លាប់មនុស្ស ១៥៩នាក់រួចហើយ ហើយបានជំរុញឱ្យអង្គការសហប្រជាជាតិ ស្នើសុំជំនួយចំនួន ៣២.៩ លានដុល្លារសម្រាប់តំបន់ ដែលរងផលប៉ះពាល់ខ្លាំងបំផុត។
«ភ្លៀងធ្លាក់ខ្លាំង និងរលកឆ្នេរសមុទ្រ ដែលមានកម្រិត រហូតដល់ ៣ ម៉ែត្រ ដែលអាចគំរាមកំហែងដល់អាយុជីវិត ក្នុងរយៈពេលពីរថ្ងៃ ជាមួយនឹងការព្រមានអំពីព្យុះ ដែលបានលើកឡើងជាសញ្ញាខ្ពស់បំផុត នៅលើមាត្រដ្ឋាន៥ជំហាន» នេះបើតាម ប្រធានការពារជនស៊ីវិល លោក Rueli Rapsing បានប្រាប់ AFP តាមទូរស័ព្ទ។
ព្យុះ និងព្យុះទីហ្វុងធំៗប្រហែល ២០ តែងតែវាយប្រហារប្រទេសប្រជុំកោះ ឬ ដែនទឹកជុំវិញរបស់ប្រទេសនេះ ជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពក្រីក្រយូរអង្វែង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត