ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការប្រកួតចម្រៀងចិន គឺជាកម្លាំងចលករសំខាន់លើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ថ្លែងថា ការរៀបចំការប្រកួតចម្រៀងចិន គឺជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរ សំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពល សម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់របស់យើងឱ្យកាន់តែជិតស្និតពីមួយជំនាន់ទៅមួយជំនាន់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងចម្រៀងចិន “ពានរង្វាន់ឯកអគ្គរដ្ឋទូតចិន” ប្រចាំកម្ពុជា ឆ្នាំ២០២៤ ឬ “2024 Ambassador’s Cup Chinese Song Contest “ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូតចិន នៅរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ផ្តួចផ្តើមគំនិតរៀបចំពិធីការប្រកួតចម្រៀងចិននេះឡើង។

ឯកឧត្តមបន្ថែមថា ទំនាក់ទំនងកម្ពុជា-ចិនបានចាប់ផ្តើម និងចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់ មិនតិចជាង២,០០០ឆ្នាំនោះឡើយ។ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ មិនត្រឹមតែបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាគំរូដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ សន្តិភាព វិបុលភាព និងការអភិវឌ្ឍដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ បន្ថែមពីនេះ ឆ្នាំនេះ ក៏ជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងរូបឯកឧត្តមផ្ទាល់ សូមសម្តែងការកោតសរសើរ និងមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែង សេចក្តីក្លាយហាន និងទេពកោសល្យរបស់ក្មួយៗជាបេក្ខជន រហូតឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤ នៅថ្ងៃនេះ។ ឯកឧត្តមជឿជាក់ថា ក្មួយៗនឹងខិតខំបញ្ចេញអស់ពីសមត្ថភាពសម្តែងប្រកបដោយភាពជឿជាក់ ដើម្បីសម្រេចនូវក្តីស្រមៃមួយនេះ។ យើងនៅទីនេះ រង់ចាំផ្តល់កម្លាំងចិត្តជូនក្មួយៗទាំងអស់គ្នា! ត្រូវមានភាពជឿជាក់លើខ្លួនឯង និងខិតខំធ្វើឱ្យល្អជាទីបំផុត។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានផ្តួចផ្តើម សម្របសម្រួល និងគាំទ្របង្កើតការប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសឱ្យបេក្ខជន អាចបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជាពិសេសជំរុញការអនុវត្តស្មារតីឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ និងកិច្ចសហប្រតិបត្តិការអប់រំភាសាចិន។

នាឱកាសនោះដែរ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានខុងជី នៃរាជបណ្ឌិត្យកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងរំលេចឡើង នូវការប្រកួតប្រជែងដ៏មានតម្លៃនាពេលនេះ។
បន្ទាប់ពីកម្មវិធីប្រកួតចម្រៀងចិនបានបិទបញ្ចប់ដោយជោគជ័យ ឯកឧត្តម វ៉ាង វិនពិន សង្ឃឹមថា នឹងបង្កើតឱ្យមានកម្មវិធីបែបនេះជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងលើកទឹកចិត្តដល់សិស្សានុសិស្សសិក្សាភាសាចិននៅកម្ពុជា ក៏ដូចជារឹតចំណងមិត្តរវាងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner