លីបង់ខាតសេដ្ឋកិច្ច៥ពាន់លានដុល្លារ ពីការប៉ះទង្គិចគ្នា១ឆ្នាំ

បរទេស៖ ធនាគារពិភពលោក ឬ World Bank បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ជាងមួយឆ្នាំនៃការប៉ះទង្គិចគ្នា ដែលបានវិវឌ្ឍន៍ទៅជាសង្រ្គាម កាលពីពេលថ្មីៗនេះ បានធ្វើឱ្យប្រទេសលីបង់ ខាតបង់សេដ្ឋកិច្ច ច្រើនជាង៥ពាន់លានដុល្លារ ជាមួយនឹងការខូចខាតរចនាសម្ព័ន្ធជាក់ស្តែង រាប់ពាន់លានដុល្លារ ផ្សេងទៀត។

ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញាមក អ៊ីស្រាអែលបានបង្កើនយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ទៅលើប្រទេសលីបង់។ ក្រោយមក បានបញ្ជូនកងទ័ពលុកលុយតាមផ្លូវគោក បន្ទាប់ពីការបាញ់គ្រាប់ផ្លោង ឆ្លងព្រំដែន ជិតមួយឆ្នាំ ដែលផ្តួចផ្តើមឡើង ដោយក្រុមហេសបូឡា ជុំវិញសង្រ្គាមហ្គាហ្សា។

នៅក្នុងរបាយការណ៍ស្តីពីប្រទេសលីបង់ ធនាគារពិភពលោកបានផ្តល់ការប៉ាន់ប្រមាណសម្រាប់ការខូចខាត រវាងថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ក្នុងនោះ បង្ហាញថា មានការខាតបង់សេដ្ឋកិច្ចចំនួន ៥.១ពាន់លានដុល្លារ ជាមួយនឹងការខូចខាតដល់រចនាសម្ព័ន្ធរូបវ័ន្ត យ៉ាងហោចណាស់ ៣.៤ ពាន់លានដុល្លារ បន្ថែមទៀត។

របាយការណ៍នេះបានបន្តថា «ការខាតបង់ ភាគច្រើន មាននៅក្នុងវិស័យពាណិជ្ជកម្ម និង ទេសចរណ៍, បដិសណ្ឋារកិច្ច… ព្រមទាំង ក្នុងវិស័យកសិកម្ម»។

ក្រសួងសុខាភិបាល ប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា មនុស្សជាង ៤០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងនិងខាងកើត រួមទាំង នៅលើមជ្ឈមណ្ឌលការពារជនស៊ីវិល នៅក្នុងតំបន់ Baalbek៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner