ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាអធិតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើង នៅរាជធានី ភ្នំពេញ ក្រោមបរិយាកាសសប្បាយរីករាយ និងទឹកចិត្តត្រេកអររបស់ប្រជាពលរដ្ឋ ដែលមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេស ដែលមកចូលរួមយ៉ាងច្រើនកុះករផងដែរ។

នៅឯព្រះពន្លាជ័យ ខាងមុខព្រះបរមរាជវាំង នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាទីកន្លែង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ ព្រះរាជពិធីនេះ បានធ្វើឡើងក្រោមព្រះរាជាអធិតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស អង្គទូតនៃបណ្ដាប្រទេស ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តនិងរាជធានីជាច្រើនផងដែរ។

បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពោលគឺនៅថ្ងៃទី ១៤-១៥-និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងនោះទូកង ទូកមួង និងចំនួន កីឡាករតាមក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត ដែលគណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិអន្តរជាតិ ទទួលបានមានចំនួនសរុប ៣៤៨ទូក និងសរុបកីឡាករ កីឡាការនីចំនួន ២ម៉ឺន២ពាន់ ៤២នាក់ ព្រមទាំងប្រទីបចំនួន៣៦ ដែលនឹងបណ្តែតឡើង តាមដងទន្លេសាប ពីត្បូង ទៅជើង ទើបឈប់ និងចតនៅមុខព្រះបរមរាជវាំង ព្រមទាំង មានការអុជកាំជ្រួចពេលល្ងាចរយៈពេល៣ថ្ងៃ ក្នុងនោះមានចំនួន ៤ដង ពោល គឺនៅពាក់កណ្តាលអាធ្រាត ថ្ងៃទី២ ម្តងទៀត ដែលជាយប់អកអំបុក សំពះព្រះខែ ដើម្បីអបអរសាទរ ព្រះរាជពិធីផងដែរ។

បន្ទាប់ពីការប្រកួតពេញមួយថ្ងៃ ដោយធ្វើការផ្លាស់ប្ដូរខ្សែទឹក ក្នុង និងក្រៅរួចមក នៅរាត្រីថ្ងៃដដែលនោះ ជាមួយនឹងការសម្ដែងព្រះទ័យ ទុកដាក់អបអរសាទរ ចំពោះកីឡាករ កីឡាការិនី ដែលបានចូលរួម ក្នុងការប្រណាំងទូកថ្ងៃទីមួយនេះមក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទាន ភ្លើង ទៀនជ័យ លើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីប ចំនួន ៣៦ បណ្ដែតខ្លួនលើផ្ទៃទន្លេសាប ពីទិសខាងត្បូង ទៅទិសខាងជើង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner