ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ មានភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តជាង ១លាន ១សែននាក់
(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១ មានភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណជាង១លាន១សែននាក់ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព ។
លោកស្រី បានបន្តថា ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង គ្រប់ផ្នែកពាក់ព័ន្ធ គឺមានសន្តិសុខ សណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។
សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។
ទិដ្ឋភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ផងដែរ។
ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋ ក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗ ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ