ពលរដ្ឋ ៖ ការផ្តល់សេវាសុខាភិបាលក្នុងថ្ងៃបុណ្យជាតិធំៗ ជារឿងចាំបាច់ និងបង្ហាញពីការយកចិត្តទុកដាក់ដល់សុខភាពពលរដ្ឋ

(ភ្នំពេញ)៖ ក្នុងការផ្តល់សេវាព្យាបាល និងការដាក់គ្រូពេទ្យប្រចាំការតាមពិធីបុណ្យជាតិធំៗពិសេសក្នុងពិធីបុណ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះជារឿងចំាបាច់ និងវាក៏ជាប្រការមួយសំខាន់មិនអាចខ្វះបានសម្រាប់ពលរដ្ឋដែលមានបញ្ហាសុខភាពនៅពេលដើរកម្សាន្ត។

ទាំងនេះជាការលើកឡើងពីសំណាក់ពលរដ្ឋដែលបានមកដើរកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ។

ឆ្នាំនេះ ដើម្បីចូលរួមការពារសុខភាពប្រជាពលរដ្ឋ ក្រសួងសុខាភិបាល បានរៀបចំក្រុមគ្រូពេទ្យបម្រើការ ចំនួន ៦០៧នាក់ជារៀងរាល់ថ្ងៃ និងរថយន្តគិលានុសង្រ្គោះ ប្រចាំការតាមគោលដៅ ចំនួន ៦០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ២គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ក្រៅពីនេះក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២២គ្រឿង បន្ថែម ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត ។

អ្នកនាង ម៉ក់ ទី ដែលបានមកចូលកម្សាន្តពិធីអុំទូកកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា នៅក្បែរព្រះបរមរាជវាំង ហើយមានបញ្ហាសុខភាព ចូលឱ្យក្រុមគ្រូពេទ្យព្យាបាល បានបញ្ជាក់ប្រាប់ថា៖ នៅពេលយើងមកដើរកម្សាន្តដែលមានមនុស្សកុះករ ហើយមានក្រុមគ្រូពេទ្យចាំជួយព្យាបាលនោះ ធ្វើឱ្យពលរដ្ឋមានអារម្មណ៍កក់ក្តៅ ដោយសារថា នៅពេលនរណាម្នាក់មានបញ្ហា ក្រុមគ្រូពេទ្យអាចជួយសង្រ្គោះភ្លាមៗទាំងការព្យាបាលបឋម និងដឹកទៅកាន់មន្ទីរពេទ្យ ។

ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងដែរថា”ការមកដើរកម្សាន្តលើកនេះខ្ញុំមានអាការវិលមុខ ពេលចូលមកឱ្យគ្រូពេទ្យព្យាបាលឃើញថាធូរស្បើយច្រើន។ពេលនេះខ្ញុំអាចធ្វើដំណើរកម្សាន្តបន្តទៀតដោយមិនចាំបាច់វិលត្រឡប់ទៅផ្ទះវិញទេ”។

ទាក់ទិនក្នុងរឿងនេះ លោក រស្មី ប៊ុនឈឿន ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល ដែលបានមកដើរកម្សាន្តនៅក្បែរខាងមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ហើយមានអាការហើមឆ្អឹងថ្គាម និងកើតអាការវិលមុខបានប្រាប់ថា៖ ការបង្កើតឱ្យមានគ្រូពេទ្យមកចាំ ដើម្បីព្យាបាលពលរដ្ឋក្នុងពិធីបុណ្យជាតិធំៗ ឬពិធីអ្វីមួយពិតជាមានសារៈសំខាន់ពីព្រោះថាបើមាននរណាម្នាក់មានបញ្ហាសុខភាពគឺក្រុមគ្រូពេទ្យ នឹងជួយសង្រ្គោះភ្លាម។ពេទ្យដែលលោកចូលមកព្យាបាលនេះមិនត្រឹមតែយកចិត្តទុកដាក់ទេ ថែមទាំងមិនយកប្រាក់ពីលោកថែមទៀត។

ដោយឡែក អ្នកស្រី គឹម សេន ដែលមានវ័យចំណាស់បានលើកឡើងថា ការមកកម្សាន្ត ហើយមានក្រុមគ្រូពេទ្យ នោះធ្វើឱ្យមិនថាអ្នកស្រីទេ សូម្បីតែពលរដ្ឋដទៃទៀតក៏មានអារម្មណ៍កក់ក្តៅដែរ។ បើនរណាម្នាក់មានបញ្ហាសុខភាពគឺនឹងមានពេទ្យជួយព្យាបាលបឋម ឬបើធ្ងន់ធ្ងរនឹងដឹកទៅកាន់មន្ទីរពេទ្យសង្រ្គោះភ្លាម។វាផ្តល់ផលល្អណាស់សម្រាប់យើងគ្រប់គ្នា។

លោកវេជ្ជបណ្ឌិត ឈួង គៀងស័រ ក្រុមគ្រូពេទ្យប្រចាំមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រចាំការនៅក្បែរខាងមុខព្រះបរមរាជវាំងបានឱ្យដឹងថា៖ក្រុមគ្រូពេទ្យរបស់លោកបានមកប្រចាំការចំនួន៤ថ្ងៃក្នុងពិធីបុណ្យអុំទូកនាឆ្នាំនេះ។ការមកប្រចាំការនេះឃើញថាមានសារៈសំខាន់ណាស់ពីព្រោះថាបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តបុណ្យអុំទូកមួយចំនួនតែងមានរោគជំងឺខ្លះតិច ខ្លះទៀតក៏ខ្លាំង ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបន្តទៀតផងដែរ។

លោក វេជ្ជបណ្ឌិតរូបនេះបានប្រាប់ឱ្យដឹងដែរថាសម្រាប់ពលរដ្ឋដែលមកដើរកម្សាន្តភាគច្រើនកើតអាការ ឈឺក្បាលវិលមុខ ទាំងនេះដោយសារបាត់បង់សារជាតិទឹកច្រើនប៉ុណ្ណោះ។ហេតុនេះនៅពេលដើរកម្សាន្តពួកគាត់គួរបរិភោគទឹកឱ្យបានគ្រប់គ្រាន់។

ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលមុនថ្ងៃពិធីបុណ្យអុំទូកមួយថ្ងៃពោលគឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះពិនិត្យការរៀបចំទីតាំងជម្រកតង់។ក្រៅពីនេះក៏បានសួរសុខទុក្ខ និងណែនាំដល់គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ និងការជួយគ្រប់ទម្រង់ គ្រប់ទ្រង់ទ្រាយ ក៏ត្រៀមក្នុងការកើតមានឡើងហានិភ័យផ្សេងៗ ជាយថាហេតុណាមួយ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលប្រចាំការនៅតាមជម្រកតង់នីមួយៗត្រូវពិនិត្យនូវឱសថ ដែលត្រៀមបម្រុង ដែលត្រូវប្រាកដថាមានគ្រប់ចំនួនកំណត់ ឬត្រូវរៀបចំឱ្យបានលើសផែនការដែលបានគ្រោងទុក ជៀងវាងក្នុងករណីផ្គត់ផ្គង់ឱសថមិនគ្រប់គ្រាន់។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំដល់កីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ ត្រូវហូបស្អាត អនាម័យ កុំហូបអាហារដែលមិនឆ្អិនល្អ ជាពិសេសត្រូវការពារខ្លួនពីជំងឺឆ្លងនានា ដូចជាជំងឺអេដស៍ កាមរោគជាដើម។

គួរបញ្ជាក់ថាបើតាម លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថានៅរាត្រីថ្ងៃទី១៤ វិច្ឆិកា ២០២៤ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១ មានភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តបុណ្យអុំទូក មានចំនួនប្រមាណជាង១លាន១សែននាក់៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner