ថៃផ្តើម​កម្មវិធី «ទុរេនឌីជីថល» ​ជួយកសិករ

បាងកក ៖ ប្រទេសថៃបានចាប់ផ្តើមគម្រោង «ទុរេនឌីជីថល» ភូមិមួយ ឌីជីថលមួយ ​ហៅកាត់ OTOD ដើម្បីជួយកសិករដាំទុរេន ចំនួន៨,៨ លាននាក់ បង្កើនផលិតភាព របស់ពួកគេ ប្រកួតប្រជែងទីផ្សារ។

ប្រធានទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល លោក Nuttapon បាននិយាយថា គំនិតផ្តួចផ្តើម OTOD Digital Durian មានគោលបំណងជួយគ្រួសារកសិករ ជាង៦,១០០គ្រួសារ ក្នុងការទទួលយកវេទិកាឌីជីថល សម្រាប់ការកត់ត្រាទិន្នន័យដាំដុះ ក្នុងរយៈពេលពីរឆ្នាំ ដោយការប្រមូលទិន្នន័យនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាព។ លើសពីនេះ កសិករក្នុង២៣ខេត្ត នឹងត្រូវបានបណ្តុះបណ្តាល លើកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក និងទទួលការបញ្ជាក់ សម្រាប់ការអនុវត្តកសិកម្មល្អ។

បើតាមមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល បង្ហាញថា គម្រោងនេះនឹងរួមចំណែក ក្នុងការកសាងទំនុកចិត្តអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក លើកកម្ពស់ផលិតផល ដែលមានតម្លៃខ្ពស់ ទូទាំងពិភពលោក ចំពេលមានការប្រកួតប្រជែងដ៏ខ្លាំងក្លា ជាពិសេស ពីប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រទេសថៃមានផ្ទៃដីដាំទុរេន ជាង១លានរ៉ៃ និងផលិតបាន ១លាន ៥៣ម៉ឺនតោន។ ទុរេនគ្របដណ្តប់ ៦៩% នៃផ្លែឈើថៃនាំចេញទាំងអស់ កាលពីឆ្នាំមុន ហើយទីផ្សារនាំចេញទុរេនសំខាន់ជាងគេ គឺប្រទេសចិន៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner