បុណ្យអុំទូកនៅខេត្តសៀមរាប៖ថ្ងៃដំបូងទេសចរជាតិ អន្តរជាតិជាង៨ម៉ឺននាក់ធ្វើដំណើរកម្សាន្ត
សៀមរាប៖ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះជាថ្ងៃទី២នៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក តាំងពីព្រឹកព្រលឹមនាដងស្ទឹងខេត្តសៀមរាបជាទីប្រារព្ធការប្រណាំងទូកកកកុញទៅដោយប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិណែនណាន់តាន់តាប់ ។ការបូកសរុបបឋមកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូកដំបូងខេត្តសៀមរាប មានអ្នកធ្វើដំណើរកម្សាន្តចម្រុះជាតិសាសន៍ប្រមាណជាង៨ម៉ឺននាក់។ ភ្ញៀវបានទស្សនារមណីយដ្ឋានអង្គរ ទស្សនាការប្រណាំងទូក ពិព័រណ៍នានា និងតំបន់ផាប់ស្រ្ទីតជាដើម។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ , ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីអភិបាលរងខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង កុងស៊ុលប្រចាំខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អភិបាលក្រុងស្រុក ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តមានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាប តែងតែប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ។
ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ ចំពោះការចូលរួមយ៉ាងសកម្មរបស់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងវិស័យឯកជននានា ដែលបានរៀបចំក្រុមប្រណាំងទូកមានសរុបចំនួន ៣៧ទូក និងប្រទីបបំភ្លឺលម្អនៅពេលរាត្រីចំនួន ១៥ប្រទីប ។
តាមការគូសរំលេចរបស់ឯកឧត្តមអភិបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តដាក់ខ្ពស់លើបណ្តាវិស័យទេសចរណ៍ក្នុងខេត្ត តាមរយៈការដាក់ចេញកម្មវិធីពិសេស “ទស្សនាសៀមរាបឆ្នាំ២០២៤” ដែលធ្វើឱ្យខេត្តសៀមរាប មានព្រឹត្តិការណ៍ជាតិ អន្តរជាតិធំៗជាច្រើន តួយ៉ាងដូចជា ពិធីបុណ្យទន្លេ ,សៀមរាបសង្រ្កាន្ត, កម្ពុជាបំបែកឯកទគ្គកម្មការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក នៅមុខប្រាសាទអង្គរវត្ត សហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ការតាំងពិពណ៌អាហារ កម្មវិធីវេចអន្សមភ្ជុំបិណ្ឌ កម្មវិធី “ស្នាមញញឹមនៃកម្ពុជា”លើកទី២ និងកិច្ចប្រជុំធំៗទាំងថ្នាក់ជាតិ អន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗទៀត។
ឯកឧត្តមបន្ថែមថា សម្រាប់ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះរដ្ឋបាលខេត្តក៏មានព្រឹត្តិការណ៍ជាច្រើន ដូចជាកម្មវិធីបង្ហោះខ្លែងឯក ,ការរត់ពាក់កណ្តាលម៉ារ៉ាតុន ,ការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ព្រមទាំងកម្មវិធីផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាខេត្តសៀមរាប ក៏ដូចជាការបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត។
តាមការរំពឹងនៅថ្ងៃទី២ នៃពិធីបុណ្យអុំទូកខេត្តសៀមរាបនឹងទទួលបានភ្ញៀវជាតិ អន្តរជាតិកាន់តែច្រើនថែមទៀត ខណៈថ្ងៃដំបូងមានទេសចរចម្រុះជាតិសាសន៍ជាង៨ម៉ឺននាក់រួចមកហើយ៕
ដោយ៖ប៊ុន រដ្ឋា