លោក ត្រាំ នឹងតែងតាំងបេសកជនពិសេសបញ្ចប់សង្គ្រាមអ៊ុយក្រែនឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយសង្គ្រាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News កាលពីថ្ងៃពុធ។
ប្រភពអនាមិកបានប្រាប់សារព័ត៌មាន Fox News ថា អ្នកនឹងឃើញបេសកជនពិសេសជាន់ខ្ពស់ម្នាក់ ដែលមានភាពជឿជាក់ខ្ពស់ នឹងទទួលភារកិច្ចស្វែងរកដំណោះស្រាយឈានទៅរកសន្តិភាពបញ្ចប់សង្គ្រាមអ៊ុយក្រែន។
លោក Trump បាននិយាយទៅកាន់លោក Zelensky កាលពីសប្តាហ៍មុន ហើយបានប្រាប់សារព័ត៌មាន NBC News ថា គាត់អាចនឹងនិយាយទៅកាន់លោក Putin អំពីបញ្ហានេះនាពេលខាងមុខ។
ចំណែកលោក Putin វិញ បានអបអរសាទរលោក Trump ចំពោះជ័យជម្នះរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយប្រាប់អ្នកសារព័ត៌មានថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជជែកជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក។
គួរបញ្ជាក់ថា ពេញមួយយុទ្ធនាការរបស់លោក Trump បានសន្យាម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេល ២៤ម៉ោង ប្រសិនបើលោកជាប់ឆ្នោត។
យ៉ាងណាមិញ លោក Trump មិនបានពន្យល់អំពីរបៀបដែលគាត់នឹងធ្វើបែបនេះទេ ទោះបីជាគាត់បានអះអាងថា នឹងប្រើទំនាក់ទំនងដ៏អស្ចារ្យរបស់គាត់ជាមួយលោក Putin និងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។
ខណៈពេលដែលវិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតនូវការផ្តល់យោបល់ ថាតើលោក Trump អាចបញ្ចប់ជម្លោះអ៊ុយក្រែនបានយ៉ាងងាយស្រួលនោះ លោក Putin បានបង្ហើបថា សេចក្តីថ្លែងការណ៍របស់លោក Trump លើបញ្ហានេះ សមនឹងទទួលបានការយកចិត្តទុកដាក់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា