រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រាប់ដល់កីឡាអុំទូក ត្រូវចេះថែរក្សាសុខភាព គោរនូវវិន័យ និងរួមសាមគ្គីគ្នាដើម្បីទទួលបានជោគជ័យ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានចុះសំណេះសំណាលនិងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងស្នាក់នៅរបស់កីឡាករកីឡាករិនីទូកនៅតំបន់ជ្រោយចង្វារ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តណែនាំដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះរួមសាមគ្គីភាពគ្នា ត្រូវគោរពឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងស្ដាប់នូវការណែនាំរបស់គណៈកម្មការ។

ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានថ្លែងថា ការចូលរួមប្រណាំងទូករបស់បងប្អូនខេត្តក្រចេះដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្ហាញពីសាមគ្គីភាពជាតិខ្មែរក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីបង្ហាញដល់ភ្ញៀវបរទេសបានឃើញនូវទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផងរបស់ប្រទេសកម្ពុជាយើង។

ឯកឧត្តមបានថ្លែងថា ក្នុងកីឡា ចាញ់ឈ្នះជារឿងធម្មតា អ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នកដែលបានអញ្ជើញមកទស្សនាផ្ទាល់នៅមុខព្រះបរមរាជវាំង និងបងប្អូនប្រជាពលរដ្ឋដែលបានតាមដានការផ្សាយផ្ទាល់និងបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់កីឡាករចំណុះទូកទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមអុំទូកឱ្យទទួលបានជោគជ័យ និងសុខសុវត្ថិភាពក្នុងរយៈពេល ២ ថ្ងៃទៀតនេះនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

គួរបញ្ជាក់ថា៖ខេត្តក្រចេះមានទូកងចំនួន ២០ មកពីក្រុងស្រុកចំនួន ៤ (ស្រុកព្រែប្រសព្វទូកងចំនួន ១១, ស្រុកឆ្លូង ទូកងចំនួន ៤, ស្រុកសំបូរទូកង ចំនួន ២ និងក្រុងក្រចេះចំនួន ២) បានចូលរួមប្រកួតក្នុងនោះទូកខ្នាតពិសេសចំនួន ៥ និងទូកងខ្នាតអន្តរជាតិចំនួន ១៥៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner