នាយករដ្ឋមន្ត្រី អរគុណរដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ដែលបានជួយសំអាត និងគ្រប់គ្រងអនាម័យ នៃព្រះរាជពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃសៅរ៍ ទី១៦ វិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ។
សូមជម្រាបថា ថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសអញ្ជើញមកលេងកម្សាន្តប្រកបដោយភាពរីករាយ សរុបប្រមាណជាង២លាន២សែននាក់ កេីនឡេីងលេីសថ្ងៃទីមួយចំនួន២ដង។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាយប់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៤ ។
លោកស្រីបន្តថា ដោយឡែក ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ស្ថានភាពល្អក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង និងគ្រប់ផ្នែក ដែលពាក់ព័ន្ធ ប៉ុន្តែគ្រាន់តែមានករណីវង្វេងកូនចៅមួយចំនួនតូច តែត្រូវបានក្រុមការងារតាមគោលដៅប្រេីប្រាស់មធ្យោបាយទាក់ទង និងប្រព័ន្ធផ្សព្វផ្សាយស្វែងរកឪពុកម្តាយឃើញវិញ។
គួររំលឹកថា កាលពីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋខ្មែរ និង ជនបរទេសប្រមាណ១លាន១សែននាក់បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។
ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ ប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗ ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូន នៅតាមសួនសាធារណៈផងដែរ៕
ដោយ ៖ វណ្ណលុក